can it be not that loud

នេះ​ជាការ​អង្វរករ​របស់ខ្ញុំ​ទៅដល់បងៗដែលជា​ម្ចាស់​ធុងបាស​ហាត់ប្រាណ​នៅ​សួនច្បារ​មុខក្រសួង​ការពារជាតិ (ចុង​សួន​ខាងលិច)។ ខ្ញុំ​សង្ឃឹមថា​ពួកលោក នឹង​អាច​បើក​សំឡេង​តិចជាង​នេះ​បន្តិច ព្រោះថា​ពេលខ្លះ​វា​លឺ​ខ្លាំងណាស់​ដែល​ធ្វើឱ្យ​ខ្ញុំ​មិនអាច​ដេក​បាន​ពេល​ទៀបភ្លឺ និង​រំខាន​ពេលវេលា​សម្រាក​ខ្លះ​ពេល​ល្ងាច (ពេល​ល្ងាច​សូវ​អី​ទេ ខ្ញុំ​អាច​ទ្រាំ​បាន)។ ខ្ញុំ​ដឹងថា ម៉ោង ៤ ឬ ៥ ទៀបភ្លឺ អាច​ដល់​ម៉ោង​ភ្ញាក់​ហើយ សម្រាប់​បងប្អូន​ដែល​ឆាប់​ចូល​គេង តែ​ម៉ោង ៤ សម្រាប់​ខ្ញុំ ឬ​បងប្អូន​ដែល​ចូល​គេង​យប់​ជ្រៅ គឺ​វា​នៅ​យប់​នៅឡើយ។ ខ្ញុំ​មិនមែន​ជំទាស់​នឹង​ការហាត់​ប្រាណ​បស់បង​ប្អូន​ទេ តែ​ខ្ញុំ​គ្រាន់តែ​សុំឱ្យ​បើក​សំឡេងល្មមៗសម្រាប់​ហាត់ប្រាណ​បាន​ហើយ ព្រោះ​វា​មិនមែនជា​ក្លឹប​ដែល​ត្រូវការ​សំឡេង​កន្ត្រាក់​អារម្មណ៍​នោះទេ។

ពេលខ្លះ​ការហាត់​ប្រាណ​នេះ​ហាក់ដូច​ជាមាន​រយៈពេល​យូរ​ខ្លាំងណាស់ ដែល​ពេលព្រឹក ចាប់ផ្ដើម​ពី​ម៉ោង ប្រហែល ៤ ហើយ​ចប់​ទៅ​នៅ​ម៉ោង ៧ ហើយ ពេល​ល្ងាច ចាប់ផ្ដើម​នៅ​ម៉ោង​ប្រហែល ៣ កន្លះ ហើយ​ចប់​នៅ​ម៉ោង ៧ ល្ងាច។

នេះ​ជាការ​ហាត់ប្រាណ​ដែលមាន​រយៈពេល​យូរ​ខ្លាំងណាស់ បើ​យោងតាម​គោល​ការ​សុខភាព​សម្រាប់​ការហាត់​ប្រាណ​ដែល​នាំមក​នូវ​សុខ​ភាពល្អ។ អ្វីដែល​សំខាន់​នោះ គឺ​ក្រោយពេល​ហាត់​ចប់ ពួកបងៗនៅ​ចាក់​ចម្រៀង​ថែមទៀត​ដែល​ធ្វើឱ្យមាន​ការរំខាន​ខ្លាំងណាស់​សម្រាប់​អ្នក​ដែល​រស់នៅក្បែរៗនោះ។

ខ្ញុំ​សង្ឃឹមថាបងៗនឹង​យល់​ពី​ការ​សំណូមពរ​នេះ ហើយ​អាច​បន្ធូរ​មំ​លេង​ធុងបាស​បន្តិច ឬ អាច​បែរ​វា​ទៅ​ទិសខាងកើត​វិញ​ព្រោះ​វា​បែរ​ទៅរក​សួនច្បារ មិន​រំខាន​ដល់​អ្នក​នៅ​​ក្បែរៗ​នោះឡើយ។

សូមអរគុណទុកជាមុនចំពោះបងប្អូនដែលបានអាន ហើយប្រាប់ពួកគាត់បន្ត។

Advertisements