អត្ថបទពីវិបសៃថ៍ ដើមអំពិល រូបភាពរបស់ mpsinfo


នៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១០ រដ្ឋាភិបាល​កម្ពុជា នឹងធ្វើពិធី​អបអរ​សាទរខួប​លើកទី ២ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតកិភណ្ឌពិភពលោក នៅលើកំពូលប្រាសាទព្រះវិហារ ឱ្យបានអធិកអធ័មជាទីបំផុត ។
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងមេបញ្ជាការយោធាខ្មែរ ដែលកំពុងប្រចាំការ នៅតំបន់ប្រាសាទព្រះវិហារ បានឱ្យដឹងថា គេនឹងរៀបចំធ្វើពិធីអបអរសាទរខួបលើកទី ២ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើកំពូល ប្រាសាទព្រះវិហារ ដើម្បីឱ្យទាហានការពារព្រំដែនខ្មែរ និងប្រជាពលរដ្ឋបានចូលរួមកម្សាន្តយ៉ាងសប្បាយផងដែរ ។
លោកឧត្តមសេនីយ៍ឯក ជា តារា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការការពារព្រំដែនតំបន់ប្រាសាទព្រះវិហារ បានមានប្រសាសន៍ ប្រាប់គេហទំព័រដើមអម្ពិល នៅរសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១០ ថា កងទ័ពខ្មែរដែលកំពុងឈរជើងការ ពារនៅតាមព្រំដែន មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារដល់មន្ត្រីរាជរដ្ឋាភិបាល ដែលអញ្ជើញទៅចូលរួមក្នុងពិធី អបអរសាទរខួបលើកទី ២ នេះ ។

design: mpsinfo

គួររំលឹកថា ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយគណៈកម្មការ បេតិកភណ្ឌពិភពលោក បានបោះឆ្នោតគាំទ្រ និងដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិក ប្រទេសកាណាដា ។
លុះ ៨ ថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ សៀមបានបញ្ជូនកងទ័ពច្រើនរយនាក់ ចូលលុកលុយក្នុងវត្តកែវសិក្ខាគីរី ស្វារៈ នៅជិតប្រាសាទព្រះវិហារ ធ្វើឱ្យជម្លោះព្រំដែនខ្មែរ-សៀម បានកើតឡើងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ ។

Advertisements