ថ្ងៃទី ១៤ ខែកុម្ភះ ជាថ្ងៃដែលយុវវ័យភាគច្រើនជាពិសេសយុវវ័យនៅទីក្រុងគិត​ថាជាថ្ងៃដ៏រីក​រាយ។ តែ​យុវវ័យ​មួយ​ចំនួន​បានក្លាយជាចំណាប់ក្មាំងនៃភាពសម្យាយរីករាយទាំងអស់នោះទៅវិញ​ដោយ​សារ​ពួក​គេ​បាន​បណ្តោយភាព​សប្បាយភ្លើត​ភ្លើន​របស់​​ពួក​​គេដឹកមុខ​ដើរ​បង្ករបញ្ហាក្នុងសង្គម។

ជាក់ស្តែងកាលពីវេលាម៉ោង ១០យប់ នៃថ្ងៃទី ១៤​ ខែកម្ភះ​​ ២០១០ (ថ្ងៃអាទិត្យ) កន្លងទៅនេះ មានយុវជន​មួយក្រុមបានមកបង្ករឿងនៅផ្ទះប្រជាពលរដ្ឋមួយនៅជិត​ក្រសួងការ​ពារ​ជាតិ​ដែលគេតែង​ហៅថា ដេអិន នោះ។

តាមអ្នក​ដែលបានឃើញហេតុការណ៍នេះពីដើមទី បានឲដឹងថា ដំបូងឡើយពួកគាត់បាន​ឃើញ​យុវជន​មួយក្រុម​ ជិះម៉ូតូពីរគ្រឿងនៅជិតផ្ទះ​ជនរង​គ្រោះ។ ស្របពេលនោះដែរ​មានស្រ្តីពីរទៅបី​នាក់​បាន​ចេញ​ពីផ្ទះ​ជនរងគ្រោះក្នុងគោលបំណង​ចេញទៅ​កំសាន្ត​នៅខាងក្រៅ ជាលក្ខណៈគ្រួសារ ដោយ​សារថ្ងៃនេះក៏ចំនឹងថ្ងៃបុណ្យចូលឆ្នាំ​របស់ជនជាតិចិន និងវៀតណាមផងនោះ។  ចំណែកឯប្តី និងបងប្អូនប្រុសៗផ្សេងទៀតនៅពុំទាន់ចេញពី​ផ្ទះនៅឡើយ។

ឃើញនារីទាំងអស់នោះនៅឈរខាងមុខផ្ទះ ក្រុមវុវជនបង្កហេតុបានប្រើពាក្យសម្តីឡែប​ខាយ ដែលធ្វើឲ​មានការខឹងសម្បាពីសំណាក់គ្រួសារនៃនារីទាំងនោះ​ក៏បង្ករឲមានការទាស់សម្តីគ្នារ​វាងបុរស​ដែលជាប្តី ជាមួយនឹងក្រុមយុវជនទាំងនោះ។ ពេលនោះក្រុមយុវជនបង្កហេតុ​បានចោលសម្តីខ្លាំងៗ​ទៅឲបុរសដែលជាប្តី​វិញថា​បើឯង​ខ្លាំង​ដេញតាមមក។ ដោយសារទ្រាំង​នឹង​សម្តី​មើល​ងាយ​ដូចនេះ​ពុំបាន បុរស​ដែលជាប្តី និងបងប្អូនប្រុសដែលមានគ្នាបីនាក់​បានបើករថយន្តចេញទៅតាម​ក្រុម​យុវវ​ជន​បង្កហេតុ​ តែមិនបានជួបពួកគេទេ ស្រាប់តែក្រុមយុវជនទាំង​នោះបានបកមកវាយជញ្ជាំងផ្ទះរបស់ជន​រង​​គ្រោះ​​បាន​មុន​យ៉ាងចាស់ដៃ ដោយលើកនេះគេបាននាំគ្នាមកបន្ថែមបីម៉ូតូទៀត។ នៅពេលនោះ​ស្រាប់​​​តែបុរសដែលជាប្តីបានត្រឡប់មកវិញ ទាន់ហេតុការ​ណ៍​ហើយក៏បាន​កៀរម៉ូតូមួយគ្រឿង​របស់​ក្រុម​យុវជន​បង្ក​ហេតុឲដូល ហើយពួកគេបានប្រតាយប្រតប់គ្នា តែដោយសារមានប្រជាពលរដ្ឋនៅ​ជិតៗ​​នោះជួយ​ស្រែក​ថា​ចោរៗទើបធ្វើឲក្រុមយុវជនទាំងនោះ​រត់ចោលម៉ូតូដែលដួល។ ក្រោយមក​ស្រាប់តែ យុវជន​ទាំង​​នោះ​បានទៅនាំ ទាហានពីរបីនាក់ដែលប្រចាំការ​នៅក្រសួងការពារជាតិ​ហើយ​យុវជន​ទាំងនោះបន្ត​ស្រែកឲ​បុរ​ស​​ដែល​ជាប្តីថាវា​អាង​វាមានឡាន។

ចំណែកឯទាហានទាំងប៉ុន្មាននាក់ដែលសុទ្ធតែ​មាន​អាវុទ្ធនៅជាប់​ដៃនោះហាក់ដូចពុំមានវិធាន​ការ​អ្វី​ដើម្បីទប់ស្កាត់ហេតុការ​ដែលកំពុងកើតមាននោះសោះ គឺបណ្តោយឲពួកគេទាំងនោះយក​ដុំថ្ម​គប់មកលើផ្ទះ​ជនរងគ្រោះកាន់តែច្រើនឡើងហើយទាហានទាំងប៉ុន្មាននាក់នោះឈរមើលទៅវិញ។

រហូតដល់ក្រុមគ្រួសារជនរងគ្រោះ​បានទាក់ទងទៅកងកម្លាំងមាន​សមត្ថកិច្ច​មក​​​ដល់ទើប​អាច​ចាប់ក្រុមយុវជនបង្កហេតុ​បានបីនាក់ ចំណែកឯគ្នាគេប៉ុន្មាននាក់ទៀត​បាន​គេច​ខ្លួនអស់។ បើកុំតែ​យុវជន​ដែលត្រូវចាប់ខ្លួនទាំងបីនោះនៅព្យាយាមមកយកម៉ូតូរបស់ខ្លួន កុំអីក៏ក្រុមខ្លាហោះមកមិនទាន់ ហើយមិនអាចចាប់ពួកគេបានដែរ។

ខ្ញុំតែងសង្កេតឃើញថារាល់ពេលមានបញ្ហាបង្កចលាចល់ម្តងណា ក្រុមទាហានទាំងនោះ មិន​ដែល​បានជួយសម្រួលស្ថានការណ៍ឡើយ គឺបានត្រឹមតែឈរមើលតែប៉ុណ្ណោះ។ រឿងស្រដៀងៗគ្នានេះ​ឧស្សាហ៍កើតមាននៅម្តំនេះណាស់ ហើយរាល់លើក ក្រុមទាហានទាំងអស់នេះបានត្រឹមតែឈរ​ស្ងៀម​មើល​ហេតុការណ៍ដែលកំពុងកើតឡើង។

ខ្ញុំដឹងថាវាមិនមែនជាសមត្ថកិច្ចរបស់ពួកគាត់ទេក្នុងការចាប់ចងអីនោះ តែតើពួកគាត់អាចធ្វើ​យ៉ាង​ណា​ឲ​ស្ថាន​ភាព​បានប្រសើទេ ដូចជាហាមឃាត់ពួកគេជាដើម។ ខ្ញុំគិតថាបើពួកគាត់​ហាមឃាត់​នោះ ពួកគេនឹងមានការខ្លាចរអា ព្រោះពួកគាត់មានអាវុធនៅនឹងដៃស្រាប់ តែរាល់លើក​ដូច​អត់​សោះ។

ខ្ញុំ តែងតែបារម្ភណ៍ថាបើដូចជារាល់ថ្ងៃពួកគាត់បានត្រឹមតែឈមើលដូចនេះ នោះជនល្មើសនៅ​តែ​បានចិត្តរហូត។

សម្រាប់យុវជនដែលបានក្លាយជាជនល្មើសដោយសារតែអំពើដែលខ្វះសីលធម៌របស់ខ្លួន គួរចងចាំថា​ភាពសប្បាយរីករាយមិនមែនបានមកពី​ការដើរបង្កបញ្ហាដល់អ្នកដ៏ទៃនោះទេ នៅស្រុកខ្មែរយើង​មានរឿងល្អៗច្រើនណាស់​ដែលយើងអាចធ្វើដើម្បីកំសាន្តសប្បាយហើយដែលមិនប៉ះពាល់ដល់អ្នកដ៏ទៃ ក៏ដូចជាច្បាប់នោះ​ ធ្វើដូចនេះទើបគេហៅថាយុវជនឆ្លាត។  ក្នុងករណីខាងលើ បើសិនជាដឹង​ថាការដែលយើងធ្វើវាខុស​ហើយនោះគ្រាន់តែស្រែកសុំទោសពួកគាត់តែមួយ​ម៉ាត់ហើយជិះ​ម៉ូតូទៅឲបាត់ទៅវារួចបាត់ទៅហើយ ព្រោះយើងជាអ្នកប្រើពាក្យសម្តីប៉ះលើប្រពន្ធគេ បើគេមិនការពារ​ប្រពន្ធតើឲគេការពារនរណា?  អ្នកមានបានគិតទេថា នារីដែលអ្នកទើបតែជូនផ្កាពីថ្ងៃ​នោះ នាងនឹងមានអារម្មណ៍បែបណា នៅពេលដែលនាងដឹងថាបរុសដែលទើបតែជូនផ្កាទៅនាង​បានក្លាយជាជនល្មើសនៅយប់នៃថ្ងៃដដែលនោះ។

យុវវ័យឆ្លាត មិនសង្វាត បង្កបញ្ហាដល់សង្គម!

Advertisements