§ គុយទាវជ្រលក់បន្លែងស្រស់

គ្រឿងផ្សំ
សាច់គោល្អ សាច់ជ្រូកបីជាន់ គុយទាវ សណ្តែកបណ្តុះ សាឡាដ ជីគ្រប់មុខ ត្រសក់ សំបកណែម ខ្លាញ់រាវ ទឹកដូងខ្ចី ខ្ទឹមស ខ្ទឹមក្រហម រំដេង សណ្តែកដី ស្លឹកខ្ទឹម ម្ទេសខ្មាំង ទឹកត្រី ស្ករ ម្សៅស៊ុប។

វិធីធ្វើ
១-សាច់ជ្រូកបីជាន់ស្ងោរឱ្យឆ្អិនហាន់ជាបន្ទះៗ សាច់គោហាន់ទទឹងបន្ទះតូចៗល្មម ដាក់ខ្ទះឆាឱ្យឆ្អិន។
២-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់គុយទាវឆាប្រស់ទឹកឱ្យទន់ទុកឱ្យឆ្អិន ដាក់ស្លឹកខ្ទឹមត្រលប់ឱ្យសព្វ ដួសទុកមួយអន្លើ ។
៣-យកកូនថាស់តូចៗល្មម រៀបសាឡាដ ស្លឹកជី ត្រសក់ សណ្តែកបណ្តុះ ដាក់មួយចំហៀង ហើយ យកគុយទាវ និងសំបកណែមដាក់មួយចំហៀង ។
វិធីធ្វើទឹកជ្រលក់
សណ្តែកដីលីងបុក(កុំល្អិតពេក) ។ យករំដេងបន្តិចដុតឱ្យឈ្ងុយ បុកជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង រួចចាក់ទឹកត្រី ទឹកខ្មេះ ទឹកដូងខ្ចី ស្ករស ម្សៅស៊ុប ភ្លក់មើលឱ្យល្មម ហើយយកទៅដាំឱ្យពុះ ដាក់ចុះ ទើបរោយសណ្តែកដី ទុកធ្វើជាទឹកជ្រលក់ ។
សេចក្តីបញ្ជាក់ ៖
គុយទាវជ្រលក់នេះ បើមិនចង់ទទួលទាននិងសាច់គោ សាច់ជ្រូកទេ ដុតត្រីដាក់ជំនួសវិញក៏បាន តាម ការចូលចិត្ត ។ ចំណែកសំបកណែមពេលទទួលទានត្រូវយកទឹកលាបឱ្យទន់ ។

§ ឆាឆ្អឹងជំនីជ្រូកជូរអែម

គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅឆា ម្សៅបំពង ទឹកប៉េងប៉ោះ ស្ករ ខ្លាញ់រាវ ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់ ។

វិធីធ្វើ
១-យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយជាមួយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយក មកជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ ដាក់ចាន។
២-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះ ប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
៣-យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹងជូរផ្អែមប្រៃល្មមស្មើគ្នា ។
៤-លាងខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូលឆា ទើបចាក់ ទឹកម្សៅឆាដែលលាយទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូលជា ក្រោយ ឆាមួយភ្លែត ដួសដាក់ចាន ជាការស្រេច ។

§ ឆាម្រះព្រៅ

គ្រឿងផ្សំ
ថ្លើមជ្រូក គោ មាន់ និងសាច់ជ្រូកសុទ្ធ ម្ទេសផ្លោក ខ្ញី ម្រះព្រៅ កាពិ ស្ករ ខ្ទឹមស ។

វិធីធ្វើ
គោ មាន់ ត្រូវឆូតជាក្រឡាចតុរង្គ ហើយកាត់ជាដុំៗប៉ុនមេដៃ ថ្លើមជ្រូក មាន់ និង សាច់ជ្រូក ត្រូវហាន់ជាបន្ទះស្តើងៗ ។ ម្ទេសផ្លោកត្រូវពុះជាពីរ ឆ្កឹះយកគ្រាប់ចេញ ហើយហាន់តាមបណ្តោយ ប៉ុនៗកូនដៃ ។ ម្រះព្រៅត្រូវបេះលាងទឹកឱ្យស្អាត ។ យកខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំ ឱ្យឈ្ងុយ ទើបចាក់សាច់ជ្រូក និងគោ មាន់ ឆាឱ្យក្រៀម រួចដាក់កាពិ ស្ករ កូរឱ្យសព្វ ទើបយកម្ទេស ផ្លោក ថ្លើមជ្រូក មាន់ មកដាក់ឆា ទុកយូរបន្តិច ភ្លក្សមើលឱ្យល្មម សឹមយកម្រះព្រៅមកដាក់ កូរឱ្យសព្វ ជាការស្រេច ។

§ មៀងឡាវ

គ្រឿងផ្សំ
សាច់ជ្រូក (សាច់មានខ្លាញ់) សណ្តែកដី ខ្ទឹមស-ក្រហម ខ្ញី រំដេង ទឹកត្រី ស្ករ អំពិលទុំ ស្លឹកដំឡូងបារាំង ។

វិធីធ្វើ
សាច់ជ្រូកត្រូវចិញ្ច្រាំជាមួយនិងខ្ទឹមស-ខ្ទឹមក្រហមឱ្យល្អិត ។ សណ្តែកដីត្រូវបុកឱ្យម៉ដ្ឋ ខ្ញី រំដេង ត្រូវកោសសំបកឱ្យស្អាត ហើយហាន់ជាសរសៃឆ្មារៗ។ អំពិលទុំត្រូវដាក់ត្រាំទឹកបន្តិច ហើយ ច្របាច់យកគ្រាប់ និងសាច់ចេញ។
យកសាច់ជ្រូកដែកចិញ្ច្រាំនោះមកដាក់លាយជាមួយនិង សណ្តែកដី ខ្ញី រំដេង និងទឹកអំបិល ច្រូចទឹកត្រីថែមស្ករច្របល់ចូលគ្នាឱ្យសព្វ រួចយកស្លឹកដំឡូងបារាំងមកខ្ចប់ជាដុំប៉ុនៗមួយម៉ាត់ ទើបយកទៅដាក់ឡាំងស៊ឹងចំហុយជាការស្រេច ។
ឯមៀងឡាវនេះ ត្រូវបរិភោគជាមួយនិងបាយក្តាំងបំពង។

§ បបរដំឡូងជ្វា

គ្រឿងផ្សំ
ដំឡូងជ្វា កំបោរ គ្រាប់សាគូ ស្ករស ដូងទុំ អំបិល។

វិធីធ្វើ
១-ដំឡូងជ្វាចិតសំបកលាងទឹក កាត់ជាដុំធំល្មម ត្រាំទឹកកំបោរកន្លះម៉ោង ។
២-គ្រាប់សាគូលាងទឹក។
៣-ដូងទុំកោសពូតយកខ្ទិះដើមផ្សេង យកចុងខ្ទិះផ្សេង ។
៤-យកឆ្នាំងចាក់ចុងខ្ទិះចូល បង់ដំឡូង គ្រាប់សាគូ ស្ករស ដាំឱ្យឆ្អិន ដាក់អំបិល១ចិប ចាក់ខ្ទិះ ដើមចូលកូរឱ្យសព្វ និងភ្លក្សមើលឱ្យល្មមសឹមលើកចុះ ជាការស្រេច ។

§ បបរសណ្តែកបាយ

គ្រឿងផ្សំ
សណ្តែកបាយ គ្រាប់សាគូ ដូងទុំ ស្ករស អំបិល ។

វិធីធ្វើ
១-សណ្តែកបាយលាងទឹកឱ្យស្អាត ត្រាំទឹកឱ្យបានពីរបីម៉ោង ។
២-គ្រាប់សាគូត្រាំទឹកឱ្យរីក។
៣-ដូងទុំកោសពូតយកខ្ទិះដើមផ្សេង យកចុងខ្ទិះផ្សេង ។
៤-យកឆ្នាំងចាក់ចុងខ្ទិះចូល និងសណ្តែកបាយចូល ដាំភ្លើងឱ្យទាល់តែផុយ ដាក់ស្ករស និង គ្រាប់សាគូ ដាំទាល់តែគ្រាប់សាគូឡើងឆ្អិន បង់អំបិលមួយចិប ចាក់ខ្ទិះដើមចូលកូរឱ្យសព្វ និងភ្លក្សមើលឱ្យផ្អែមល្មម ហើយលើកចុះ ជាការស្រេច ។

§ ចេកឆឹងស្ករ

គ្រឿងផ្សំ
ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក) ស្ករក្រហម កំបោរ អំបិល ។

វិធីធ្វើ
១-ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាង ទឹក ឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។
២-យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិលមួយចិប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតទើបលើកចុះ ជាការស្រេច ។

§ ភ្លាសាច់គោឆៅ

គ្រឿងផ្សំ
សាច់គោ ខ្ទឹមបារាំង ម្ទេសខ្មាំង ម្ទេសផ្លោក គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី អំបិល ជីរអង្កាម ក្រូចឆ្មារ ។

វិធីធ្វើ
យកសាច់គោហាន់ជាបន្ទះស្តើងៗ រួចប្រឡាក់អំបិល ដាក់ចានទុកមួយអន្លើ យកក្រូចឆ្មារមកចិត ច្របាច់យកទឹកមកចាក់ច្របល់ជាមួយនឹងសាច់គោនោះឱ្យសព្វ ទុកឱ្យឆ្អិនសាច់បន្តិច ។
ម្ទេសខ្មាំង និងម្ទេសផ្លោក ហាន់បញ្ឆិតស្តើងៗ ឯស្លឹកគ្រៃនិងខ្ទឹមបារាំង ខ្ទឹមស-ក្រហម ហាន់ជាបន្ទះ ស្តើងៗ ដាក់ចានទុកផ្សេង។ ហើយបើកាលណាដល់ពេលបរិភោគ ត្រូវយកសាច់គោមកលាយ ច្របល់ជាមួយនិងគ្រឿងទាំងប៉ុន្មានមុខនោះ រួចចាក់ទឹកត្រីបន្តិច និងជីអង្កាម ភ្លក្សមើលឱ្យដឹងជូរ ប្រៃតាមចូលចិត្ត ជាការស្រេច ។

§ សារ៉ាម៉ាន់

គ្រឿងផ្សំ
សាច់គោ ឬ សាច់មាន់ ឬ សាច់ទា ម្ទេសក្រៀម ខ្ទឹមស-ក្រហម រំដេង រមៀត គល់ស្លឹកគ្រៃ កាពិ គ្រាប់ការីគ្រប់មុខ សណ្តែកដី ដូងទុំ ។

វិធីធ្វើ
យកគ្រឿងការីលីងឱ្យឈ្ងុយ ។ ម្ទេសក្រៀម ខ្ទឹមស-ក្រហម លីងនឹងខ្លាញ់ រំដេង រមៀត គល់ស្លឹកគ្រៃ កាពិបន្តិច ដុតរោលពុលៗ រួចដាក់ស្ករបន្តិច បុកលាយជាមួយគ្នាទាំងអស់ឱ្យម៉ដ្ឋ ។ ដូងកោសទុក ក្បាលខ្ទិះផ្សេង ចុងខ្ទិះផ្សេង ។
យកឆ្នាំងដាក់ខ្លាញ់ដាំឱ្យក្តៅ ដាក់សាច់ឆាឱ្យក្រៀម ទើបយកគ្រឿងមកដាក់លាយជាមួយឱ្យចេញ ក្លិនឈ្ងុយ ហើយយកមកបង់ទាំងមូល រម្ងាស់នឹងសាច់នោះ ។ សណ្តែកដីត្រូវលីងយកសំបកចេញ ហើយយកមកបង់ទាំងមូល រម្ងាស់ឱ្យទាល់តែខាប់ទឹក សឹមចាក់ចុងខ្ទិះចូល ហើយថែមទឹកត្រី អំបិល ជាក្រោយ ជាការស្រេច។

§ ញាំខ្នុរខ្ចី

គ្រឿងផ្សំ
ខ្នុរខ្ចី ដូងចាស់ ខ្ទឹមក្រហម ខ្ទឹមស ហៃប៊ី យីហ៉ឺ សាច់មាន់ ទឹកខ្មេះ ទឹកត្រី ។

វិធីធ្វើ
សាច់មាន និង ខ្នុរ ត្រូវស្ងោរឱ្យឆ្អិនរួចបេះជាសរសៃវែងៗ ដូងត្រូវកោសរួចលីងឱ្យក្រហម, ខ្ទឹមស ខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗរួចបំពងឱ្យក្រហម, ហៃប៊ីត្រូវពុះជាពីរត្រាំទឹក យីហ៉ឺត្រូវដុតឱ្យឆ្អិន ដំឱ្យទន់ រួចបេះជាសរសៃវែងៗ ។ យកសាច់ និងបន្លែដែលបានរៀបរាប់ខាងលើនេះទាំងប៉ុន្មាន មកដាក់ក្នុងចានមួយធំល្មម ទើបច្រូចទឹកត្រី ទឹកខ្មេះ រោយស្ករ ច្របល់ឱ្យសព្វចូលគ្នា ភ្លក្សមើល ឱ្យល្មមតាមចូលចិត្ត ។

§ សម្លរម្ជូរព្រលិត

គ្រឿងផ្សំ
ត្រីរ៉ស់ កំពិស ព្រលិត ក្រសាំង ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប រំដេង ខ្ទឹមស ម្ទេសខ្មាំង ជីនាងវង ម្អម។

វិធីធ្វើ
១-ត្រីរ៉ស់សកស្រការ លាងទឹកឱ្យស្អាតហើយកាត់ជាកង់ៗ ។ កំពិសលាងទឹកឱ្យស្អាតរួចក្តិចក្បាល ចោល ។ ព្រលិតបកសំបក រួចកាច់ប៉ុនពីរថ្នាំងដៃ លាងទឹក ដាក់កញ្ច្រែងឱ្យស្រោះទឹក ។ ក្រសាំង ឆ្កៀលយកគ្រាប់ រួចយកទៅជ្រំទឹកក្តៅចេញជាតិជូរ ។ រំដេង ខ្ទឹមស ម្ទេសខ្មាំង បុកលាយគ្នាឱ្យម៉ដ្ឋ។
២-យកឆ្នាំងដាំទឹកឱ្យពុះ បង់ត្រីស្ងោរឱ្យឆ្អិន៧០ភាគរយ ជាមួយកំពិស (បុកឱ្យបែក) ចាក់ទឹកត្រី អំបិល ក្រសាំង ស្ករ ម្សៅស៊ុប និងគ្រឿងដែលបុកចូលគ្នា ដាំទឹកឱ្យពុះសឹមបង់ព្រលិតចូល ដាំមួយ ពុះទៀតទើបភ្លក្សមើលតាមចូលចិត្ត រួចលើកចុះ បង់ជីនាងវង ម្អម ជាការស្រេច ។

§ ញាំម្កាក់ត្រីឆ្អើរ

គ្រឿងផ្សំ
ផ្លែម្កាក់ ត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ស្ករស ទឹកត្រី ជីរនាងវង សណ្តែកដីលីង ។

វិធីធ្វើ
១-ម្កាក់ចិតសំបកសាប់ល្អិតៗ ហាន់សរសៃៗ។ ត្រីឆ្អើរ យកទៅឆ្អើរឱ្យស្រួយ បេះស្បែក ឆ្អឹងចញ ជាដុំតូចៗ។ ខ្ទឹមស ខ្ទឹមក្រហម ហាន់ជាបន្ទះស្តើងៗ ។
២-ម្ទេសខ្មាំងហាន់ល្អិ់តៗ ។ ពេលបរិភោគយកម្កាក់លាយជាមួយត្រីឆ្អើរ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចាក់ទឹកត្រី ស្ករស ភ្លក្សមើលតាមចូលចិត្ត ទើបលាយជីរ និងសណ្តែកដីលីងពីលើជាការស្រេច ។

§ ញាំភ្លៅមាន់គ្រឿងសមុទ្រ

គ្រឿងផ្សំ
ប៉េងប៉ោះ ស្រា ខ្ញី ស្លឹកខ្ទឹម ហាន់ល្អិត ត្រសក់ហាន់សរសៃ សាច់ភ្លៅមាន់ហាន់សរសៃ គ្រឿងសមុទ្រ ត្រាំទឹកក្តៅអ៊ុនៗ២៤ម៉ោង ហើយហាន់ជាសរសៃយកដាក់ក្នុងទឹកពុះ រហូតដល់ឡើងក្ងិងក្ងង់ រួចយកឡើងត្រាំទឹកត្រជាក់ ស្រង់ឡើងទុកឱ្យស្ងួត ។

វិធីធ្វើ
១-ភ្លៅមាន់យកចង្កាក់ឫស្សីចាក់ឱ្យមានរន្ធចំហាយ កំដៅឱ្យឆ្អិន ពេលចំហុយដាក់ខ្ញី៣បន្ទះ ដាក់ ស្លឹកខ្ទឹមល្អិត ភ្លៅមាន់ឆ្អិនហាន់ជាសរសៃ យកត្រសក់ គ្រឿងសមុទ្រ ដាក់ក្នុងចានលាយគ្នាឱ្យសព្វ។
២-ប៉េងប៉ោះរៀបនៅខាង ដាក់ទឹកចាក់ទឹកស៊ុបុចូល បង់វ៉ាន់ស៊ុយពីលើ (ទឹកស៊ុប=ស្លឹកខ្ទឹមហាន់ល្អិត ខ្ញីបុកឱ្យល្អិត ស្ករស ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកសៀង ម្ទេស ប្រេងល្ង) ។
៣-ភ្លៅមាន់ប្រឡាក់គ្រឿងដាក់ស្រាបន្តិច ទឹកក្រូចឆ្មាបន្តិច ឱ្យសាច់មាន់មានរសជាតិ ចាក់ឫស្សី កុំឱ្យស្បែកវារួញ ។

§ មឹកឆាអំបិលម្រេច

គ្រឿងផ្សំ
-មឹកបន្ទះធំៗស្រស់ល្អ កន្លះគីឡូ, ប្រេងឆា៣ស្លាបព្រា, ខ្ទឹមស ៤ដុំធំបកសំបក ចិញ្ច្រាំឱ្យម៉ដ្ឋ, ស្កកន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ, អំបិល២ស្លាបព្រាកាហ្វេ, សាឡាដ១៥ក្រាម, ប៉េងប៉ោះហាវ៉ៃ ១០០ក្រាម, ក្រូចឆ្មា២-៣ចំណិត, ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ ។

វិធីធ្វើ
ហាន់មឹកប៉ុន១ថ្នាំងដៃ
១-លាយបញ្ចូលគ្នា មឹក ប្រេងឆា ខ្ទឹមស ស្ករ និងអំបិលកន្លះស្លាបព្រា និងម្រេច គ្របទុកឱ្យត្រជាក់ ២០នាទី។ រៀបសាឡាដ ប៉េងប៉ោះ លើចានសំប៉ែតធំ ។
២-ដាំខ្ទះឱ្យក្តៅ ហើយឆាមឹកដែលលាយគ្រឿងចូលគ្នារួច ដោយកំដៅភ្លើងក្តៅបំផុត ឆាប្រែចុះ ប្រែឡើង ១-២នាទី រឺរហូតទាល់តែមឹកប្រែពណ៌សបន្តិច រួចរក្សាខ្ទះឱ្យក្តៅខ្លាំងដដែល តែកុំចំអិន មឹកយូរពេក រឺរហូតដល់ក្រៀម ។ ចាក់ទឹកក្រូចឆ្មាចូល អំបិល ម្រេច ដែលនៅសល់រោយពីលើ ជាការស្រេច ។

§ សម្លម្ជូរក្តាមសមុទ្រ

គ្រឿងផ្សំ
ទ្រូងក្តាម ខ្ទិះដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេសខ្មាំងស្រស់បុក, ទឹកក្រូចឆ្មា ទឹកត្រី ។

វិធីធ្វើ
១-ស្លឹកគ្រៃដុំហាន់ជាកង់ៗ ស្លឹកក្រូចសើច ហាន់ជាចំណិតៗ ខ្ទិះដាក់ភ្លើង ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ចាំកូរកុំឱ្យបែកខ្ទិះ ។
២-ពេលពុះ ដាក់ទ្រូងក្តាម ហើយពុះម្តងទៀតបន្ថែមទឹកត្រី លើកចុះ ។
៣-ផ្សំរសជាតិដោយទឹកក្រូចឆ្មា ទឹកត្រី ភ្លក្សរសជាតិ ជូរ ប្រៃ ហឹរ តាមចូលចិត្ត។

§ បាយទ្រង់យស

គ្រឿងផ្សំ
បាយ សាច់គោ ប៉េងប៉ោះទុំ ននោង ពងទា ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហម ម្សៅឆា អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ម្រេច ខ្លាញ់រាវ ។

វិធីធ្វើ
បាយត្រូវដាំឱ្យស្រួយបន្តិច សាច់គោត្រូវហាន់ជាបន្ទះស្តើងៗ ននោងចិតសំបកហើយលាងទឹកចិត្តជា ចង្វាមូល ខ្ទឹមក្រហមបកសំបកពុះជាពីរ ស្លឹកខ្ទឹមត្រូវហាន់ខ្លីៗ ឯគល់វាត្រូវសាប់ដាក់ទឹកត្រាំឱ្យរីក ខ្ទឹមសត្រូវបកសំបកចិញ្ច្រាំឱ្យល្អិត ពងទាត្រូវគោះដាក់ចានវាយឱ្យបែកចូលគ្នា ទើបយកខ្ទះដាក់ ខ្លាញ់ឱ្យក្តៅ ចាក់ពងទាគ្រលែងនិងខ្ទះឱ្យឆ្អិន ដួសយកមកហាន់ជាបន្ទះខ្លីតូចៗ ដាក់ចានទុកមួយ អន្លើ។ ប៉េងប៉ោះត្រូវលាងទឹកហាន់ជាបន្ទះស្តើងៗ ឆ្កឹះយកគ្រាប់ចេញ ។ យកឆ្នាំងដាក់ដាំ ចាក់ខ្លាញ់ ឱ្យក្តៅ ដាក់ខ្ទឹមសឱ្យឈ្ងុយ ចាក់សាច់គោទុកឱ្យក្រៀមបន្តិច ទើបចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ បន្តិច និងប៉េងប៉ោះ កូរឱ្យសព្វគ្របឱ្យជិត ទុកទាល់តែប៉េងប៉ោះរលួយ សឹមដាក់ននោងទុកមួយ ស្របក់រួចចាក់ទឹកឱ្យល្មមនិងការដាក់ខ្ទឹមក្រហមចូលទុកឱ្យពុះ រោយម្សៅឆាឱ្យខាប់ទឹកបន្តិច ទុក ឱ្យពុះមួយសន្ទុះទៀត សឹមភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
ដល់ពេលបរិភោគ ត្រូវដួសបាយដាក់ចានសំប៉ែតមួយឱ្យល្មម ទើបដួសសម្លរដាក់ពីលើបាយ រួចរោយម្រេច ពងទា និងស្លឹកខ្ទឹមពីលើនោះទៀត ឯគល់ខ្ទឹមត្រូវយកមកដាក់តាមគែមចានឱ្យល្អមើល ជាការស្រេច ។

§ ឆាសាច់គោដំឡូងជ្វា

គ្រឿងផ្សំ
សាច់គោ (សាច់ល្អ) ខ្លាញ់ជ្រូក គ្រឿងការី ដំឡូងជ្វា ទឹកត្រី ស្ករស ខ្ទឹមស ខ្ទឹមក្រហម ម្សៅស៊ុប អំបិល។

វិធីធ្វើ
១-ដំឡូងជ្វា ចិតសំបកចេញលាងទឹកឱ្យស្អាត កាត់ជាចង្វារមូលប្រវែងពីរថ្នាំងដៃ ចៀនឱ្យឡើង ក្រហមព្រឿងៗទុកមួយអន្លើ ។
២-សាច់គោហាន់ជាបន្ទះស្តើងៗ ប្រឡាក់អំបិល ទឹកត្រី ម្សៅស៊ុប គ្រឿងការីម៉ដ្ឋ (គ្រឿងការី មានគេបុកដាក់កញ្ចប់លក់ស្រាប់ ) ។

§ ត្រីងៀតហែលទឹក

គ្រឿងផ្សំ
ត្រីងៀតរ៉ស់ ត្រីឆ្អើរ រំដេង រមៀត សំបកក្រូចសើច ម្ទេសឆ្អើរ គល់ស្លឹកគ្រៃ ខ្ទឹមស អំបិល ត្រសក់ កាពិ ត្រសក់ ដូងទុំ ស្ករ ។

វិធីធ្វើ
ត្រីងៀតត្រូវកាត់ជាដុំធំៗ ដាក់ត្រាំទឹក ត្រីឆ្អើរត្រូវបេះយកតែសាច់ជាដុំធំ ត្រសក់ត្រូវចិតជាចង្វាមូល ដូងត្រូវកោសពូតយកក្បាលខ្ទិះទុកផ្សេង ចុងខ្ទិះទុកផ្សេង គល់ស្លឹកគ្រៃត្រូវហាន់បុកលាយជាមួយ និងរំដេង រមៀត សំបកក្រូចសើច ម្ទេស ត្រីឆ្អើរ អំបិល ខ្ទឹមស កាពិ ឱ្យម៉ដ្ឋ រួចយកឆ្នាំងដាក់ក្បាល ខ្ទិះរម្ងាស់ឱ្យចេញប្រេង ដាក់គ្រឿងដែលបុកចូលឱ្យឈ្ងុយ ដាក់ត្រីងៀត និងត្រីឆ្អើរចូល កូរឱ្យសព្វ សឹមដាក់ត្រសក់ ចាក់ចុងខ្ទិះចូលឱ្យល្មម និងដាក់ឱ្យពុះ ភ្លក្សមើលឱ្យល្មម បើសាបត្រូវថែមទឹកត្រី បន្តិចហើយបង់ស្ករ ជាការស្រេច ។

§ សុវណ្ណបក្សី

គ្រឿងផ្សំ
មាន់ជំទង់ ខ្លាញ់រាវ អំបិល ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ទឹកត្រី ស្លឹកវ៉ាន់ស៊ុយ ប៉េងប៉ោះកំប៉ុង។

វិធីធ្វើ
១-មាន់ជំទង់ កាប់ជាដុំធំៗ (មាន់មួយកាប់ជាបួន) ប្រឡាក់អំបិលទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ផ្អាប់ទុកមួយអន្លើ ។
២-ខ្ទឹមចិញ្ច្រាំឱ្យល្អិត យកទៅបំពងខ្លាញ់ឱ្យក្រហម ទើបគ្របឱ្យជិតរវាង៥នាទី ទើបបើកត្រឡប់ ហើយគ្របម្តងទៀត ទុកឱ្យងំល្អ ទើបដួសដាក់ចាន រោយស្លឹកវ៉ាន់ស៊ុយ (បើចង់ឱ្យមានទឹកផុកៗ ចាក់ទឹកបន្តិចក៏បាន )។

§ ស្ងោរជ្រក់សាច់ស្រស់

គ្រឿងផ្សំ
សាច់គោ ដូងកោស ដើមខ្ទឹមក្រហម ជី ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ប៉េងប៉ោះ ផ្សិតចំបើង ម្ទេសខ្មាំងខៀវ-ក្រហម ទឹកម្ទេសឆា ទឹកត្រី ទឹកខ្មេះ ។

វិធីធ្វើ
១-សាច់គោលាងទឹកឱ្យស្អាត ហើយហាន់តាមទទឹងសាច់ ជាចំណិតស្តើងៗ ។
២-កោសដូងច្របាច់យកក្បាលខ្ទិះមួយចាន ចុងខ្ទះមួយចាន។
៣-យកចុងខ្ទិះមួយចានដាក់លើភ្លើង សាច់រំងាស់លើភ្លើងហ៉ឹមៗឱ្យផុយ ។
៤-ស្លឹកគ្រៃហាន់ជាចំណិត ស្លឹកក្រូចសើចហែក ម្ទេសខ្មាំងជ្រំល្មមបែក ខ្ទឹមក្រហម-ជីហាន់ជា ចំណិតៗធំៗ ត្រប់-ប៉េងប៉ោះពុះជាពីរ ផ្សិតចំបើងចិតកន្លែងជាប់វត្ថុពុះជាពីរ។
៥-ពេលសាច់ផុយហើយ ដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្តេងដាក់ក្នុងឆ្នាំងសាច់ ពេលពុះម្តងទៀត ដាក់ផ្សិតចំបើង ប៉េងប៉ោះ ទឹកត្រី ទឹកម្ទេសឆា ទឹកក្បាលខ្ទិះ ពេលពុះដាក់ចុះ ។
៦-ផ្សំរសជាតិដោយម្ទេសខ្មាំង ទឹកត្រី ទឹកក្រូចឆ្មា ភ្លក់រសជាតិតាមការចូលចិត្ត រោយដើមខ្ទឹម និងជី តាមចូលចិត្ត ។

§ ស្ងោរជ្រក់បង្គា

គ្រឿងផ្សំ
បង្គា ផ្សិតចំបើង ម្ទេសឆា ជី ទឹកក្រូចឆ្មា ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេសខ្មាំងស្រស់ ប្រេងឆា ទឹកត្រី។
វិធីធ្វើ
១-បង្គាលាងឱ្យស្អាតបកសំបកចេញ ទុកកន្ទុយពុះខ្នងហូតយកអាចម៍ចេញ ។
២-លាងផ្សិតចំបើងពុះជាពីរ បើធំពុះជាបួន តូចដាក់ទាំងមូល ។
៣-គល់ជី៣គល់ជ្រុំឱ្យល្អិត ឆាជាមួយនិងប្រេង១ស្លាបព្រាឱ្យឈ្ងុយ ដួសសំដិលទុក ។
៤-ដំស្លឹកគ្រៃហាន់ជាកំណាត់ៗ ស្លឹកក្រូចសើចហែកជាចំណិតៗ ម្ទេសខ្មាំងស្រស់បុកឱ្យបែក ។
៥-ដាក់ទឹក៣-៥កូនចានក្នុងឆ្នាំងដាក់លើភ្លើងឱ្យពុះ ដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច ឫសជី ពេលពុះម្តងទៀតដាក់បង្គា និងផ្សិតចំបើង ដាក់ទឹកម្ទេសឆាឱ្យឆ្អិន លើកចុះផ្សំរស់ជាតិដោយ ម្ទេសខ្មាំងបំបែក ទឹកក្រូចឆ្មារ ទឹកត្រី ។

§ ស្ងោរជ្រក់ទាអាំង

គ្រឿងផ្សំ
ទាអាំង ស្លឹកគ្រៃ ម្តេង ស្លឹកក្រូចសើច ប៉េងប៉ោះ ត្រសក់ ម្ទេសក្រៀម ម្ទេសស្រស់, ដើមខ្ទឹម, ទឹកក្រូចឆ្មា ទឹកត្រី។

វិធីធ្វើ
១-ទាអាំងកាប់ជាដុំៗ
២-ហាន់ស្លឹកគ្រៃបញ្ឆិតៗ ហែកស្លឹកក្រូចសើច យកទ្រនង់ស្លឹកចេញ ប៉េងប៉ោះលាងទឹកឱ្យស្អាត ម្ទេសខ្មាំងក្រៀមអាំងភ្លើងល្មមឈ្ងុយ ម្ទេសខ្មាំងស្រស់ជ្រំល្មមបែក។
៣-ដាំទឹកឱ្យពុះ ដាក់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្តេង ពេលពុះម្តងទៀតដាក់ទាអាំង ត្រសក់ ប៉េងប៉ោះ និង ទឹកត្រី ។
៤-លុះពេលឆ្អិន លើកចុះដាក់ម្ទេសខ្មាំងឆ្អើក្រៀមជាកំណាត់ ម្ទេសខ្មាំងស្រស់បុក ទឹកក្រូចឆ្មា ភ្លក់មើលជូរ ប្រៃ ហឹរ ។
៥-លើកទាំងឆ្នាំងភ្លើងដែលដាក់ធ្យូងត្រង់កណ្តាល ទុកដើម្បីស្ងោរជ្រក់និងបោនក្តៅជានិច្ច ឬ និងជា របស់ប្រើប្រាស់ប្រភេទណាក៏បានតាមតែស្រួល។
បញ្ជាក់ ៖ បើមិនចូលចិត្តត្រសក់ អាចប្រើផ្សិតចំបើងជំនួយវិញក៏បាន ។

§ ស្ងោរជ្រក់សាច់ជ្រូកបីជាន់

គ្រឿងផ្សំ
សាច់ជ្រូកបីជាន់ ផ្សិតចំបើង ផ្សិតកំប៉ុង ខ្ទឹមក្រហម ខ្ទឹមស ជីឈ្លីឱ្យស្រពាប់ ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ទឹកត្រី ម្ទេសខ្មាំងស្រស់ ។

វិធីធ្វើ
១-លាងសាច់ជ្រូកបីជាន់ជាចំណិត។
២-ផ្សិតលាងទឹកឱ្យស្អាត ចិតកន្លែងដែលកខ្វក់ចោល ផ្សិតកំប៉ុងត្រាំទឹកល្មមរីក ហើយហាន់តូចៗ។
៣-ខ្ទឹមស ខ្ទឹមក្រហម ដុតភ្លើង ហើយបកសំបកចេញឱ្យស្អាត ស្លឹកគ្រៃហាន់ចំណិតៗ ស្លឹកក្រូចសើច ត្រូវហែកវា ចំណែកម្ទេសខ្មាំងបុកឱ្យម៉ដ្ឋល្មម។
៤-ដាក់ទឹកក្នុងឆ្នាំង ពេលទឹកពុះដាក់សាច់ជ្រូកបីជាន់ចូលស្ងោរ រួចដាក់ផ្សិតចំបើង ផ្សិតកំប៉ុង និងម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ទឹកត្រី ស្ងោរទាល់តែឆ្អិន ។
៥-ផ្សំគ្រឿងរសជាតិដោយ ទឹកក្រូចឆ្មា ម្ទេសខ្មាំង ភ្លក្សរសជាតិតាមចំណង់ ។

§ ស្ងោរជ្រក់សាច់ស្រស់

គ្រឿងផ្សំ
សាច់គោ ដូងកោស ដើមខ្ទឹមក្រហម ជី ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ប៉េងប៉ោះ ផ្សិតចំបើង ម្ទេសខ្មាំងខៀវ-ក្រហម ទឹកម្ទេសឆា ទឹកត្រី ទឹកខ្មេះ ។

វិធីធ្វើ
១-សាច់គោលាងទឹកឱ្យស្អាត ហើយហាន់តាមទទឹងសាច់ ជាចំណិតៗស្តើងៗ។
២-កោសដូងច្របាច់យកក្បាលខ្ទិះមួយចាន ចុងខ្ទិះមួយចាន ។
៣-ដាក់ចុងខ្ទិះមួយចាន ដាក់លើភ្លើង សាច់រំងាស់លើភ្លើងហ៉ឹមៗឱ្យផុយ។
៤-ស្លឹកគ្រៃហាន់ជាចំណិត ស្លឹកក្រូចសើចហែក ម្ទេសខ្មាំងជ្រំល្មមបែក ខ្ទឹមក្រហម ជី ហាន់ជាចំណិត ធំៗ ត្រប់ ប៉េងប៉ោះពុះជាពីរ ផ្សិតចំបើងចិតកន្លែងជាប់វត្ថុពុះជាពីរ។
៥-ពេលសាច់ផុយហើយ ដាក់សឹកគ្រៃ ស្លឹកក្រូចសើច ម្តេងដាក់ក្នុងឆ្នាំងសាច់ ពេលពុះម្តងទៀត ដាក់ផ្សិតចំបើង ប៉េងប៉ោះ ទឹកត្រី ទឹកម្ទេសឆា ទឹកក្បាលខ្ទិះ ពេលពុះដាក់ចុះ ។
៦-ផ្សំរសជាតិដោយម្ទេសខ្មាំង ទឹកត្រី ទឹកក្រូចឆ្មា ភ្លក្សរសជាតិតាមការចូលចិត្ត រោយដើមខ្ទឹម និងជី តាមចូលចិត្ត ។

§ ញាំត្រសក់ស្រូវ

គ្រឿងផ្សំ
ត្រសក់ស្រូវ សាច់ជ្រូក សាច់មាន់ ហៃប៊ី សណ្តែកដីលីង ទឹកត្រី ស្ករស ជីរនាងវង ម្សៅស៊ុប ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ។

វិធីធ្វើ
១-ត្រសក់ស្រូវ ចិតសំបក សាប់ជុំវិញ រួចយកកាំបិតមុខពីរ ចិតជាសរសៃវែងៗ។
២-ហៃប៊ីលាងទឹកបុកឱ្យម៉ដ្ឋ។ ជីរបេះលាងទឹកឱ្យស្អាត។ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកឱ្យម៉ដ្ឋ ចាក់ទឹកត្រី ស្ករស ក្រូចឆ្មា ម្សៅស៊ុបចូល ទុកមួយកូនចាន ។
៣-យកត្រសក់ស្រូវ សាច់ជ្រូក ហៃប៊ី សណ្តែកដីលីង ជីរនាងវង ច្របល់ចូលគ្នា ទើបចាក់ទឹកត្រី ដែលលាយរួចចូល ភ្លក្សមើលតាមចូលចិត្ត ជាការស្រេច ។

§ ញាំក្បាលត្រីសណ្តាយ

គ្រឿងផ្សំ
ក្បាលត្រីសណ្តាយ ជីរនាងវង ជីរអង្កាម ត្រសក់ សណ្តែកបណ្តុះ ទឹកត្រី ក្រូចឆ្មា អំបិល ខ្ទឹមស ប្រហុកល្អ ខ្លាញ់រាវ ។

វិធីធ្វើ
ក្បាលត្រីសណ្តាយត្រូវស្ងោរឱ្យផុយ រួចបេះដាក់កូនចានដែកមួយ យកសណ្តែកបណ្តុះមកស្រុះទឹក ក្តៅឱ្យស្រពាប់ រួចបេះជីរនាងវង ជីរអង្កាមដាក់ក្នុងចានត្រី។ យកខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹម ចិញ្ច្រាំបំពងឱ្យក្រហម ដួសដាក់ចានទុក ប្រហុកត្រូវអាំងឱ្យឆ្អិនដាក់ក្នុងកូនចានមួយផ្សេង ។ ដល់ ពេលជិតបរិភោគត្រូវយកចានដែកដែលដាក់ត្រី ជីរ សណ្តែកបណ្តុះនោះ ចាក់ទឹកត្រី ខ្ទឹមខ្លាញ់បំពង ថែមអំបិលម៉ដ្ឋបន្តិច រួចយកក្រូចឆ្មារចិតច្របាច់យកទឹកដាក់មកក្នុងចានប្រហុក កូរនិងស្លាបព្រា ច្របាច់យកទឹកប្រហុកនោះចាក់មកក្នុងចានត្រី ហើយច្របល់ឱ្យសព្វ ភ្លក្សមើលតាមចូលចិត្ត ជាការស្រេច ។

§ ញាំក្រមុំយួន

គ្រឿងផ្សំ
សាច់មាន់ សាច់ជ្រូកបីជាន់ ត្រសក់ ហៃប៊ី យីវហ៉ឺ មីសួរ ត្រចៀកកណ្តុរ ខ្ទឹមប្រៃ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ទឹកខ្មេះ ស្ករស ជីអង្កាម សាឡាដ ។

វិធីធ្វើ
១-យកមាន់ (ទាំងមូល) សាច់ជ្រូក (សាច់បីជាន់) មកស្ងោរឱ្យឆ្អិនស្រង់ដាក់ចាន សាច់មាន់ ត្រូវបេះដាក់ជាសរសៃឆ្មាៗ សាច់ជ្រូកបីជាន់ហាន់ជាបន្ទះធំៗ ច្រៀកឱ្យឆ្មាវែងៗ ត្រសក់ចិតសំបក (ចិតកុំឱ្យអស់) ហើយលួសយកតែសំបកក្រៅប្រឡាក់អំបិលផ្អាប់ទុក ។
២-យកហៃប៊ីពុះជាពីរលាងទឹកឱ្យស្អាតសម្រស់ទុក យីវហ៉ឺត្រូវយកទៅដុត ហើយយកម្សៅមកដំ ឱ្យទក់បេះជាសរសៃឆ្មាៗ ខ្ទឹមប្រៃហាន់ជាបន្ទះស្តើង ខ្ទឹមស ខ្ទឹមក្រហមបកសំបកឱ្យស្អាត ហាន់ជា បន្ទះស្តើងៗ យកទៅបំពងខ្លាញ់ឱ្យឡើងក្រហម មីសួរ ត្រចៀកកណ្តុរ យកទឹកក្តៅចាក់ស្រុះ ហើយកាត់ឱ្យខ្លីៗ សម្រស់ឱ្យស្រស់ ។
៣-វេលាញ៉ាំ យកត្រសក់ដែលផ្អាប់ទុកនោះមកពូតទឹកចេញ ហើយលាងទឹកឱ្យជ្រះអំបិល ដាក់គ្រឿងដែលមានខាងលើនេះ ច្របល់ចូលគ្នាទាំងអស់ ចាក់ទឹកត្រី ទឹកខ្មេះ ស្ករស ភ្លក្សមើល តាមចូលចិត្ត ជីអង្កាមបេះស្លឹកលាងទឹកឱ្យស្អាត សាឡាដបេះធាងលាង ហើយយកមកតំរៀបដាក់ ចាន់សំប៉ែត ទើបដួសញាំដាក់ចំកណ្តាល យកស្លឹកជីអង្កាមរោយពីលើឱ្យជិត ។

§ ញាំឆ្ងល់

គ្រឿងផ្សំ
សាច់គោ ត្រសក់ ប៉េងប៉ោះ ដើមគូឆាយ ដើមខ្ទឹម ពងទា ឬសវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មា ទឹកត្រីល្អ ស្ករស ។

វិធីធ្វើ
១-យកសាច់គោមកចិញ្ច្រាំលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម យកខ្ទឹមស បុកចិញ្ច្រាំឱ្យល្អិត ដាក់បំពងក្នុងខ្ទះដែលមានខ្លាញ់ឱ្យឡើងឈ្ងុយ ទើបដាក់សាច់គោចិញ្ច្រាំនោះលីងឱ្យខះទឹក រួចដួស ដាក់ចាន។
២-ដើមគូឆាយ ពុះឆែកត្រាំទឹក ប៉េងប៉ោះហាន់ទទឹងស្តើងៗ ដើមខ្ទឹមកាត់ជាកំណាត់សរសៃឆ្មាៗ ត្រសក់ចិតសំបកពុះជាពីរ ហាន់ទទឹងស្តើងៗ។ ពងទាយកមកគោះវាយឱ្យបែកស៊ុត ទើបយក គ្រលែងនិងខ្ទះកំពុងក្តៅ ហើយដួសយកហាន់ឆ្មាៗ ។ ខ្ទឹមស ឬសវ៉ាន់ស៊ុយ បុកឱ្យល្អិតលាយជាមួយ ទឹកត្រី ទឹកក្រូចឆ្មា ស្ករ ដាក់ចានទុកមួយអន្លើ។
៣-យកសាច់គោដែលលីងទុកនេះមកកបដាក់ក្នុងចានសំប៉ែត យកប៉េងប៉ោះមករៀបព័ទ្ធជុំវិញ ដើមគូឆាយរៀបព័ទ្ធជុំវិញប៉េងប៉ោះទៀត ត្រសក់តំរៀបមួយជុំក្រៅ ដើមខ្ទឹមដោតជុំវិញ ពងទារោយ ពីលើសាច់គោ ដល់វេលាបរិភោគទើបច្របល់លាយជាមួយទឹកត្រីដែលដាក់ចានទុកនោះ ។

§ ខសាច់មាន់ខ្ញី

គ្រឿងផ្សំ
មាន់ ខ្ញី ខ្ទឹមស ខ្ទឹមក្រហម អំបិល ស្ករ ម្សៅស៊ុប ។

វិធីធ្វើ
១-មាន់លាងទឹកឱ្យស្អាត កាប់ជាដុំធំៗ ។
២-ខ្ញីត្រូវចិតសំបកលាងទឹកឱ្យស្អាត ដំឱ្យសំប៉ែត រួចត្រាំទឹកអំបិលលាងឱ្យអស់ហិរ រួចយកទៅ បំពងឱ្យក្រហម ។
៣-យកឆ្នាំដាក់ស្ករ កូរឱ្យឡើងជើងអង្ក្រង ទើបចាក់មាន់ចូល ដាក់អំបិល ស្ករ ម្សៅស៊ុប កូរឱ្យសព
ទើបដាក់ខ្ញីបំពងចូលជាក្រោយ មួយសន្ទុះធំ ទើបចាក់ទឹករម្ងាស់ទាល់តែផុយសាច់មាន់ រួចភ្លក្ស មើលតាមត្រូវការ ជាការស្រេច ។

§ ជួនចៀន

គ្រឿងផ្សំ
ត្រីត្រអោន ខ្ញី ខ្ទឹមស-ក្រហម សៀង ខ្លាញ់រាវ ទឹកខ្មេះ ឬក្រសាំង អំពិល។

វិធីធ្វើ
យកខ្លាញ់ចាក់ក្នុងខ្ទះឱ្យក្តៅ ដាក់ត្រីចៀនឱ្យក្រៀម រួចយកខ្ទឹមស-ក្រហម ចិញ្ច្រាំឱ្យល្អិត ខ្ញីហាន់ ជាសរសៃឆ្មារៗ បុកដាក់ចៀនជាមួយឱ្យឡើងឈ្ងុយ យកសៀងមកចាក់ត្រឡប់ឱ្យសព្វ រួចចាក់ទឹក ច្រូចទឹកខ្មេះ ទុកឱ្យពុះ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។

§ សម្លការីក្លាយ

គ្រឿងផ្សំ
គ្រាប់ការីគ្រប់មុខ ខ្ទឹមស-ក្រហម ម្ទេសក្រៀម អំបិល ស្ករ ដូងទុំ ផ្លែក្រូចសើច ផ្លែខ្នុរ សម្ល កាពិ សាច់គោ ។

វិធីធ្វើ
យកសាច់គោមកអាំង ហើយកាប់ជាដុំៗទុកមួយចាន ។ គ្រឿងការីត្រូវលីងឱ្យឈ្ងុយ រួចយកមកបុកលាយជាមួយខ្ទឹមស-ក្រហម ម្ទេសក្រៀម អំបិល កាពិ។ ដូងកោសពូតយកក្បាច់ខ្ទិះ ផ្សេង ចុងខ្ទិះផ្សេង ផ្លែក្រូចសើច ត្រូវពុះជាពីរឆ្កឹះគ្រាប់អោយអស់ យកឆ្នាំងដាក់សាច់លាយជាមួយ និងគ្រឿង ហើយនិងក្បាលខ្ទិះ រម្ងាស់ឱ្យចេញប្រេងបន្តិច សឹមដាក់ចុងខ្ទិះចូល។ កាលណាសម្លរនេះ ពុះហើយ ត្រូវយកផ្លែខ្នុរមកហាន់ដាក់បង់ជាមួយ និងផ្លែក្រូចសើច រួចចាក់ទឹកត្រី ស្ករ ភ្លក្សមើល តាមចូលចិត្ត។ ឯសម្លនេះបើគ្មានក្រូចសើចទេ ត្រូវដាក់ទឹកខ្មេះក៏បាន ហើយបើគ្មានផ្លែខ្នុរទេ គេដាក់ ខ្ទឹមបារាំងជំនួសក៏បានដូចគ្នា ។

§ សម្លរម្ជូរត្រកួន

គ្រឿងផ្សំ
ត្រកួន ត្រីរ៉ស់ អំពិលទុំ ទឹកត្រី អំបិល ស្ករ ខ្ទឹមស ម្ទេសខ្មាំង រំដេង ជីនាងវង និងម្អម ។
វិធីធ្វើ
១-ត្រកួនក្តិចកាត់ចេញមួយចង្អុលដៃលាងទឹកឱ្យស្អាត ។ ត្រីរ៉ស់ត្រូវសកស្រការ ហើយលាងទឹក ឱ្យស្អាតកាត់ជាកង់ៗ ។ អំពិលទុំត្រាំទឹកឱ្យរីក ហើយដាក់ចានផ្សេង ។ រំដេង ខ្ទឹមស បកសំបក បុកលាយជាមួយម្ទេសលាយចូលគ្នាឱ្យម៉ត់ ។ ជីនាងវង ម្អម លាងទឹក រួចហាន់ល្អិតៗ ។
២-យកឆ្នាំងដាំទឹកឱ្យពុះបង់ត្រីចូលស្ងោរឱ្យឆ្អិន៧០ភាគរយ រួចបង់ត្រកួនចូលស្ងោរឱ្យផុយ ទើបបង់គ្រឿង (ដែលបុកចូលគ្នាមាន រំដេង ខ្ទឹមស ម្ទេស ) ចូលហើយចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ទឹកអំពិលទុំ ភ្លក់មើលតាមចូលចិត្ត ទើបបង់ម្អម ជីនាងវង ជាការស្រេច ។

§ ឆាប៉េងប៉ោះគ្រឿង

គ្រឿងផ្សំ
សាច់គោ ឬសាច់ជ្រូក ម្ទេសខ្មាំង ខ្ទឹមក្រហម ខ្ទឹមស សំបកក្រូចសើច ស្លឹកគ្រៃ កាពិ ឬសវ៉ាន់ស៊ុយ ខ្លាញ់រាវ ទឹកត្រី ស្ករ អំបិល ប៉េងប៉ោះទុំ ។

វិធីធ្វើ
សាច់ហាន់តាមចូលចិត្ត ប៉េងប៉ោះត្រូវចិត្តជាចំណិតឱ្យក្រាស់ៗបន្តិច យកស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ឫសវ៉ាន់ស៊ុយ សំបកក្រូចសើច ម្ទេសខ្មាំង កាពិ អំបិលបុកឱ្យល្អិត រួចយកប្រឡាក់ជាមួយនិងសាច់ ឱ្យសព្វ យកខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់សាច់ប្រឡាក់ចូលឆាឱ្យឆ្អិន សឹមយកប៉េងប៉ោះដាក់ច្រូចទឹកត្រី និងរោយស្ករបន្តិច ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។

§ ឆាកាពិត្រប់ភ្លុក

គ្រឿងផ្សំ
សាច់ជ្រូក ត្រប់ភ្លុក កាពិ ស្ករ ខ្ទឹមស ខ្លាញ់ ។

វិធីធ្វើ
ត្រប់ភ្លុកត្រូវចិត្តសំបកកាត់ជាបួន ហើយចិតបញ្ឈរជាចំណិតក្រាស់ៗល្មម។ សាច់ជ្រូកត្រូវហាន់ជា បន្ទះស្តើងៗ យកខ្ទះចាក់ខ្លាញ់ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់សាច់ជ្រូកឆាឱ្យក្រៀមបន្តិច សឹមដាក់ស្ករ ហើយយកកាពិមកលាយទឹកបន្តិចចាក់ក្នុងខ្ទះដាក់ត្រប់ចូល រួចចាក់ទឹកបន្តិចទៀត ដើម្បីទុកឱ្យផុតត្រប់ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។

§ មាន់ចំហុយស្ពៃខ្មៅ

គ្រឿងផ្សំ
មាន់ជំទង់ ស្ពៃខ្មៅ ខ្ទឹមស អំបិល ស្ករស ម្សៅស៊ុប ម្សៅមី ខ្លាញ់រាវ ។

វិធីធ្វើ
១-យកមាន់ជំទង់(ដែលគេធ្វើលក់ស្រាប់) មកប្រឡាក់អំបិល ម្សៅស៊ុបតិចៗឱ្យសព្វទាំងក្នុងទាំង ក្រៅ ហើយដាក់ចំហុយឱ្យផុយ ។
២-យកស្ពៃខ្មៅមកបេះយកតែធាងចំហុយឱ្យឆ្អិន ។
៣-ដាំខ្ទះដាក់ខ្លាញ់បន្តិចទុកឱ្យក្តៅ ដាក់ខ្ទឹមស ចិញ្ច្រាំឱ្យឈ្ងុយ ដាក់អំបិលស្ករស ម្សៅស៊ុប ម្សៅមី (លាយទឹកបន្តិច) កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មម ដួសដាក់ចានទុក(ឱ្យខាប់ទឹក) ។

របៀបរៀបដាក់ចានៗ
យកមាន់មកបេះសាច់ (ត្រង់ទ្រូង) ជាបន្ទះធំៗ ចំណែកភ្លៅនិងស្លាប កាប់ដុំតូចៗ យកចានសម្ល តូចល្មមមកតំរៀបសាច់មាន់ដាក់ឆ្លាស់គ្នា និងស្ពៃជុំវិញ រួចយកភ្លៅនិងស្លាបដាក់កណ្តាលឱ្យពេញ ទើបយកទៅផ្កាប់លើចានសំប៉ែត ហើយស្រោចទឹកម្សៅពីលើ ។

§ ស្ងោរជ្រក់ត្រីរ៉ស់បំពង

គ្រឿងផ្សំ
ត្រីរ៉ស់បំពង ម្ទេសក្រៀមឆ្អើរ ខ្ញី ប៉េងប៉ោះទុំ ផ្លែកៀមបួយ ជីបារាំង ទឹកអំពិលជ្រុំ ស្លឹកគ្រៃ ស្លឹក ក្រូចសើច ប្រេងឆា ទឹកត្រី ។

វិធីធ្វើ
១-ត្រីរ៉ស់លាងឱ្យស្អាត កោសស្រការខ្វេះពោះវៀនតាមពោះ លាងទឹកម្តងទៀត ហើយជូតឱ្យស្ងួត
២-ដាក់ប្រេងឆាក្នុងខ្ទះល្មម ប្រេងក្តៅដាក់ត្រីរ៉ស់ចៀនឱ្យឡើងស្រួយ ដួសឡើងឱ្យស្រស់ខ្លាញ់
៣-ដាក់ទឹក៣ពែងក្នុងឆ្នាំងដាំ ដាក់ខ្ញីដំ ពេលពុះដាក់ស្លឹកគ្រៃ កៀមបួយ ម្ទេសស្ងួតឆ្អើភ្លើង ពេលពុះម្តងទៀតដាក់ត្រីរ៉ស់បំពង ។
៤-ផ្សំរសជាតិ ដោយអំពិលជ្រុំទឹកត្រី ភ្លក់រសជាតិឱ្យជូរ ហិរ ប្រៃ ហើយរោយស្លឹកជីបារាំង ស្លឹក ក្រូចសើចហែក ។

§ សាច់ក្រកមុខស៊ុត

គ្រឿងផ្សំ
សាច់ក្រក ពងទា ខ្ទឹមបារាំង ខ្លាញ់រាវ ទឹកត្រី ស្ករ ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ។

វិធីធ្វើ
១-សាច់ក្រកហាន់ជាសរសៃវែងៗ ប្រហែលពីរថ្នាំងដៃ។
២-ខ្ទឹមបារាំងពុះជាពីរ ហាន់ជាបន្ទះស្តើងៗ ។
៣-យកសាច់ក្រក ខ្ទឹមបារាំង ច្របល់ចូលគ្នាឱ្យសព្វ ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ។
៤-ដាំខ្ទះ ចាក់ខ្លាញ់ទុកឱ្យក្តៅ ចាក់ស៊ុតទាគ្រលែងឱ្យស្តើង ទុកឱ្យឆ្អិន ទើបដួសដាក់ចាន កាត់ជា ដុំតូចៗ រោយស្លឹកវ៉ាន់ស៊ុយ។

§ ភ្លាបង្កង

គ្រឿងផ្សំ
បង្កង មើមឆៃថាវ សណ្តែកបណ្តុះ ស្លឹកជីគ្រប់មុខ សាឡាត់ មើមការ៉ុត អំបិល ទឹកត្រី ទឹកខ្មេះ ស្ករស ម្សៅស៊ុប សណ្តែកដីលីង ម្ទេសនាងដៃទុំ វ៉ាន់ស៊ុយ ។

វិធីធ្វើ
១-បង្កងកាត់ក្បាលនិងកន្ទុយ យកទៅចំហុយឱ្យឆ្អិន ចំណែកខួរខ្វេះដាក់ចានទុក ខ្លួនវាបកសំបក ចោល យកសាច់ឆៅមកហាន់ជាបន្ទះស្តើងៗ ប្រឡាក់អំបិល ចាក់ទឹកខ្មេះ ផ្អាប់ទុក។
២-មើមឆៃថាវ ការ៉ុតហាន់ជាសរសៃឆ្មារៗ ។
៣-សណ្តែកដីលីងបុក (កុំឱ្យល្អិតពេក ) ។
៤-សាឡាដលាងទឹកឱ្យស្អាតកាត់ខ្លីៗ ។
៥-យកសាច់បង្កងពូតយកទឹកចេញ ច្របល់លាយជាមួយនិងសាឡាដ រៀបជុំវិញចានពងក្រពើ។
៦-យកសាច់បង្កង ពូតយកសាច់ចេញ ច្របល់លាយជាមួយនិងមើមឆៃថាវ ការ៉ុត សណ្តែតបណ្តុះ (តែកុំភ្លេចបន្សល់ទុកមើមឆៃថាវ ការ៉ុត រៀបដាក់ពីលើ) ទើបយកទៅរៀបដាក់កណ្តាលចាន សាឡាដជារាងបង្កង ហើយយកក្បាលនិងកន្ទុយមកភ្ជាប់គ្នាវិញ រោយមើមឆៃថាវ និងការ៉ុត ឆ្លាស់គ្នាឱ្យទៅជារូបបង្កង យកម្ទេសនាងដៃទុំចិតជាផ្កាដោតតាមចំហៀង។
របៀបធ្វើទឹកជ្រលក់
យកខ្ទឹមស ខ្ទឹមក្រហម គល់វ៉ាន់ស៊ុយ រំដេង បុកចូលគ្នាឱ្យម៉ដ្ឋទើបលាងជាមួយទឹកបង្កងដែលពូត ទុកនោះ ដាក់ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ហើយយកទៅដាំឱ្យពុះ ទើបយកខួរបង្កងវាយឱ្យ បែកចាក់ចូលដាក់សណ្តែកដីលីង ភ្លក្សមើលឱ្យជូ ប្រៃល្មម ដួសដាក់កូនចានទុកធ្វើជាទឹកជ្រលក់ ឬនៅពេលទទួលទានយកស្រោចពីលើបង្កងនោះបាន ។

§ ងៀតសាច់គោ

គ្រឿងផ្សំ
សាច់គោ ម្សៅស៊ុប អំបិលម៉ដ្ឋ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ខ្ញី ក្រាម ម្រេច ។

វិធីធ្វើ
យកសាច់គោជាដុំវែងៗ ប្រវែងមួយចង្អុលដៃ ប្រឡាក់និងអំបិលក្រាម (បុកឱ្យម៉ដ្ឋ) ចាក់ទឹកត្រី បន្តិច ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ម្រេចបុក ហើយបុកខ្ញីពូតយកទឹកដាក់ផង ច្របល់ចូលគ្នាឱ្យសព្វ ទុកពីរម៉ោង ទើបយកទៅដោតនិងចង្កាក់ឫស្សី ចងខ្សែហាលថ្ងៃ ចំនួនបីថ្ងៃឱ្យស្ងួត ទើបយកមក អាំងឱ្យឆ្អិន ដំឱ្យទន់ បេះជាសរសៃៗ ទុកទទួលទានជាមួយជ្រក់ចំរុះ (ធ្វើជាគ្រឿងក្លែម) ។

§ ឆាត្រកួនប្រេងខ្យង

គ្រឿងផ្សំ
ត្រកួនចិន ខ្ទឹមស ម្ទេសដៃនាង ខ្លាញ់ឬប្រេង ប្រេងខ្យង អំបិល ស្ករ ម្សៅស៊ុប។

វិធីធ្វើ
១-ត្រកួនក្តិចខ្លីល្មម ប៉ុនមួយចង្អុរដៃ លាងទឹកឱ្យស្អាត។
២-ខ្ទឹមសដំ បកសំបកចិញ្ច្រាំឱ្យល្អិត ម្ទេសកាត់ល្អិតៗ។
៣-យកខ្ទះដាក់ខ្លាញ់ ឬប្រេងឱ្យឡើងក្តៅ ដាក់ខ្ទឹមស ម្ទេសឆាឱ្យឡើងឈ្ងុយទើបដាក់ត្រកួនចូល ឆាពីរបីត្រឡប់ ដាក់អំបិល ស្ករ ម្សៅស៊ុប ប្រេងខ្យង ឆាមួយត្រឡប់ពីរ ភ្លក់មើលឱ្យល្មម ។

§ សម្លរម្ជូរត្រពាំងសាច់ប្រៃ

គ្រឿងផ្សំ
សាច់ប្រៃ ត្រពាំងត្រាំ ខ្ទិះដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្ករស កាពិ ទឹកអំបិលជ្រំ ម្ទេសចង្អុលមេឃ ស្លឹកក្រូចសើច ទឹកត្រី ។

វិធីធ្វើ
១-ដំស្លឹកគ្រៃ ខ្ទឹមក្រហម កាពិ ចូលគ្នាឱ្យម៉ដ្ឋល្អ។ ដាំខ្ទិះដោយដាក់ភ្លើងហ៉ឹមៗ ពេលពុះដាក់ គ្រឿងដែលជ្រុំចូលគ្នា ហើយក៏ដាក់សាច់ប្រៃ និងទំពាំងត្រាំ រំងាស់រហូតទាល់តែសាច់ហើយនិង ទំពាំងផុយល្អ ដាក់ម្ទេសមេឃហាន់ ។
២-ភ្លក់មើលតាមចូលចិត្តដោយដាក់ទឹកអំពិលជ្រុំ ស្ករស ទឹកត្រី និងរោយដោយស្លឹកក្រូចសើច។

§ សម្លរណាំយ៉ា

គ្រឿងផ្សំ
ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម រមៀត ខ្ជាយ ម្ទេសក្រៀម ដូងទុំ ទឹកត្រី អំបិល ប្រហុក ត្រកួន សណ្តែកបណ្តុះ ។

វិធីធ្វើ
យកត្រីមកស្ងោរឱ្យឆ្អិន (អាំងក៏បាន) រួចបេះយកសាច់មកបុកឱ្យល្អិត ។ ដូងកោសទុកក្បាលខ្ទិះ ផ្សេង ចុងខ្ទិះផ្សេង ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស-ក្រហម ម្ទេសក្រៀម ត្រូវហាន់ ឬក៏លាយបញ្ជូល គ្នា។ យកឆ្នាំងដាក់ក្បាលខ្ទិះរំងាស់ជាមួយនិងគ្រឿងឱ្យឡើងឈ្ងុយ រួចដាក់ត្រីដែលបុកកូរឱ្យសព្វ ចាក់ទឹកត្រីនិងចុងខ្ទិះ បង់អំបិលទុកឱ្យពុះ សឹមយកប្រហុកមកជ្រុំភ្លក្សមើលឱ្យដឹងសាបប្រៃជាការ ស្រេច។
ឯសណ្តែកបណ្តុះត្រូវស្រុះទឹកក្តៅ រួចដួសដាក់ចានមួយផ្សេង។ យកត្រកួនមកហាន់ជាកង់ៗ ស្រុះទឹក ក្តៅ ដាក់និងខ្លាញ់ក៏បាន ។
សម្លរនេះត្រូវតែបរិភោគជាមួយនិងនំបញ្ចុក ហើយត្រូវថែមស្ករ និងកាពិបន្តិចផង ។

§ ការីខ្មែរ

គ្រឿងផ្សំ
សាច់មាន់ឬសាច់គោ ឬសាច់ទា ស្លឹកគ្រៃ ម្ទេសក្រៀម រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម អំបិល គ្រាប់ការីគ្រប់មុខ ដំឡូងបារាំង ឬដំឡូងជ្វា ដូងទុំ ទឹកត្រី ។

វិធីធ្វើ
សាច់លាងទឹកកាប់ជាដុំៗ ស្លឹកគ្រៃ រមៀត ខ្ជាយ ម្ទេសក្រហម រំដេង ខ្ទឹមស-ក្រហម ហាន់បុកលាយ ជាមួយួគ្នានិងកាពិ គ្រាប់ការីត្រូវលីងឱ្យឈ្ងុយ យកមកបុកឱ្យម៉ដ្ឋ ដូងត្រូវកោសទុកចុងខ្ទិះផ្សេង ហើយក្បាលខ្ទិះយកមករម្ងាស់ក្នុងឆ្នាំងជាមួយសាច់និងគ្រឿងឱ្យឈ្ងុយ ចាក់ការីចូលទុកឱ្យចេញ ប្រេងបន្តិចសឹមចាក់ចុងខ្ទិះចូល ចាក់ទឹកត្រី អំបិល ទុកឱ្យពុះផុយសាច់ល្អ ទើបយកដំឡូងមកចិត្ត សំបកគាស់ជាដុំៗ ដាក់បង់ទុកមួយសន្ទុះភ្លក្សមើលតាមត្រូវការ ។

§ ញាំល្ហុង

គ្រឿងផ្សំ
ល្ហុងពងមាន់ សាច់ជ្រូក កំពិស សណ្តែកដីលីង ជីរគ្រប់មុខ ខ្ទឹមស ម្ទេសខ្មាំង ទឹកខ្មេះ ឬក្រូចឆ្មារ ទឹកត្រី ស្ករស។

វិធីធ្វើ
១-ល្ហុងចិតសំបក ឈូសនិងដែកសំរាប់ឈូស។ សាច់ជ្រូកស្ងោរឱ្យឆ្អិន ហាន់ជាសរសៃល្អិតៗ។ កំពិស ស្រុះឱ្យឆ្អិន។ ជីបេះលាងទឹកឱ្យស្អាត ហើយដាក់អោយស្រោះទឹក។
២-បុកខ្ទឹមស ខ្ទឹមក្រហម ម្ទេស ចូលគ្នាដួសដាក់ចាន ចាក់ទឹកខ្មេះ ស្ករស ទឹកត្រី ភ្លក់មើលតាម ចូលចិត្ត ។
៣-ពេលបរិភោគ យកចានចាប់ជីដាក់បាតចាន ទើបចាប់ល្ហុបដាក់ពីលើ រោយសាច់ជ្រូក កំពិស សណ្តែកដីលីង ទើបស្រូបទឹកត្រីជូរអែមជាការស្រេច ។

§ ញាំស្វាយ

គ្រឿងផ្សំ
ស្វាយល្ហួត ហៃប៊ី សាច់ជ្រូក ជីរគ្រប់មុខ ម្ទេសខ្មាំង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង ទឹកត្រី ស្ករស។

វិធីធ្វើ
១-ស្វាយល្ហួត ចិតសំបក សាប់ឱ្យល្អិតៗ សឹមចិតនិងកាំបិតមុខពីរ ចេញជាសរសៃៗ។
២-សាច់ជ្រូកស្ងោរឆ្អិនហាន់សរសៃល្អិតៗ។ ហៃប៊ីលាងទឹកបុកឱ្យម៉ដ្ឋ។
៣-ជីរបេះលាងទឹកឱ្យស្រស់ទឹក។ ខ្ទឹមស ខ្ទឹមក្រហម បកសំបកចិតបន្ទះស្តើងៗ។
៤-ទឹកត្រីលាយជាមួយស្ករស។ ពេលបរិភោគ ចាប់ស្វាយ សាច់ជ្រូក ហៃប៊ី ខ្ទឹមស ខ្ទឹមក្រហម ជីរ ច្របល់ចូលគ្នា ទើបចាក់ទឹកត្រី ស្ករសចូល ភ្លក់មើលតាមចូលចិត្ត លាយសណ្តែកដីលីងជាការស្រេច។

§ ប្រហុកគ្រឿងខ្ទិះ

គ្រឿងផ្សំ
ប្រហុកសាច់ សាច់ជ្រូក (សាច់សុទ្ធ) ត្រីឆ្អើ ដូងទុំ សណ្តែកដី គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច គល់វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ស្ករ ម្សៅស៊ុប ក្រសាំង ម្រះព្រេះ ត្រសក់ ត្រប់ស្រួយ សណ្តែកកួរ ស្ពៃក្តោប។

វិធីធ្វើ
១-យកប្រហុកចិញ្ច្រាំលាយជាមួយសាច់ជ្រូក ។
២-ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច គល់វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហម បុកឱ្យម៉ដ្ឋ ហើយឆ្កៀលក្រសាំងដាក់បុកជាមួយគ្រឿង។
៣-ត្រីឆ្អើរបេះយកសាច់បុកឱ្យល្អិត សណ្តែកដីលីងបុកឱ្យល្អិត ម្រេះព្រៅបេះលាងទឹកឱ្យស្អាត។
៤-កោសដូងពូតយកក្បាលខ្ទិះ ដាក់រំងាស់ឱ្យបែកប្រេង ហើយដាក់គ្រឿង សាច់ជ្រូក ត្រីឆ្អើ សណ្តែកដី ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប កូរត្រលប់ចូលគ្នាឱ្យស្ងួតទឹក ភ្លក់មើលឱ្យល្មម ទើបដាក់ម្រេះព្រៅ ហើយ ដួសដាក់ចានជាការស្រេច។
ប្រហុកគ្រឿងខ្ទិះនេះ ទទួលទានផ្ទាប់ជាមួយត្រសក់ ត្រប់ស្រួយ សណ្តែកកួរ ស្ពៃក្តោប។

§ កង្កែបសំដែងរិទ្ធិ

គ្រឿងផ្សំ
កង្កែប គល់ស្លឹកគ្រៃ ម្ទេសឆ្អើរ ខ្ជាយ ខ្ទឹមស ខ្លាញ់ជ្រូកស្រស់ សណ្តែកដី រំដេង រមៀត អំបិល។

វិធីធ្វើ
១-យកកង្កែបដែលមានពោះ កុំឱ្យហែក មកកាត់ដៃ និងកំភួនជើង ចិញ្ច្រាំលាយជាមួយនិងខ្លាញ់ជ្រូក ហើយនិងសាច់ខ្លួនកង្កែបខ្លះឱ្យល្អិតពេក។ ឯខ្លួនវាដែលកាប់ដៃកាប់ជើងនោះ ត្រូវយកមកប្រឡាក់ អំបិលបន្តិចៗ , គល់ស្លឹកគ្រៃត្រូវហាន់រួចបុកលាយជាមួយនិងរមៀត ខ្ជាយ រំដេង ម្ទេសឆ្អើរ អំបិល ខ្ទឹមស បុកឱ្យល្អិត រួចសឹមយកសាច់ចិញ្ច្រាំមកដាក់បុកលាយជាមួយឱ្យសព្វ សណ្តែកដីត្រូវលីងញី សំបក រួចបុកសុំឱ្យល្អិតល្អន់យកលាយសាច់ហើយនិងគ្រឿងនោះ រួចយកទៅច្រកក្នុងពោះកង្កែប ដែលប្រឡាក់អំបិលឱ្យពេញទើបយកទៅហាលថ្ងៃឱ្យស្ងួតទឹក សឹមយកមកអាំងជាការស្រេច។
ឯកង្កែបសំដែងរិទ្ធិនេះ បើចង់ដាក់ទឹកត្រី ឫស្ករលាយជាមួយនិងគ្រឿងផងក៏បានតាមចូលចិត្ត ។

§ ឆាខ្ទិះពុតញងគ្រឿង

គ្រឿងផ្សំ
សាច់គោ ឫ សាច់ជ្រូក ម្ទេសឆ្អើរ ខ្ទឹមក្រហម ខ្ទឹមស ម្រេច ឫសវ៉ាន់ស៊ុយ រំដេង ស្លឹកគ្រៃ កាពិ អំបិល ស្ករ ទឹកត្រី សំបកក្រូចសើច ដូងទុំ ត្រប់ពុតញង ។

វិធីធ្វើ
សាច់ត្រូវហាន់ជាចំណិតស្តើង ម្ទេសឆ្អើរ ខ្ទឹមក្រហម ខ្ទឹមស ម្រេច ឫសវ៉ាន់ស៊ុយ រំដេង ស្លឹកគ្រៃ សំបកក្រូចសើច អំបិល កាពិ ត្រូវបកលាយគ្នាឱ្យល្អិត ដូងទុំកោសពូតយកតែក្បាលខ្ទិះ ត្រប់ពុតញង ត្រូវពុះជាពីរត្រាំទឹក។ យកខ្ទះដាក់ក្បាលខ្ទិះរម្ងាស់ឱ្យឡើងប្រេង ដាក់គ្រឿងបុកចូលឱ្យឈ្ងុយ រួច ដាក់ត្រប់ច្រូចទឹកត្រី និងស្ករបន្តិច ភ្លក្សមើលឱ្យល្មម ដួសដាក់ចានជាការស្រេច។

§ ស្ងោរជ្រក់សាច់ចំហុយ

គ្រឿងផ្សំ
សាច់ចំឡក ស្លឹកងប់ ផ្កាចាន់ ម្តេច ខ្ទឹមស អំបិលម៉ដ្ឋ ទឹកស៊ីអ៊ីវ ស្ករត្នោត ស្រាចិន។

វិធីធ្វើ
១-ដាច់ទឹកចូលក្នុងឆ្នាំងដាក់គ្រឿងផ្សំគ្រប់យ៉ាងព្រមគ្នា ដាក់លើភ្លើងហ៉ឹមៗ រំងាស់ឱ្យទឹកថ្លា និង សាច់ផុយល្មមប្រហែល ៣ ទៅ ៤ម៉ោង (ឧស្សាហ៍យកស្លាបព្រាដួសពពុះចេញ)។

§ សម្លរម្ជូរមាន់

គ្រឿងផ្សំ
សាច់មាន់ អំបិល ទឹកត្រី គល់ស្លឹកគ្រៃ ខ្ទឹមស ក្រហម រមៀត រំដេង ស្លឹកក្រូចសើច ប្រហុកល្អ ខ្លាញ់ ម្ជូរអំពិលទុំ។

វិធីធ្វើ
១-គល់ស្លឹកគ្រៃ ខ្ទឹមស-ក្រហម រំដេង រមៀត ស្លឹកក្រូចសើចបន្តិច អំបិលបន្តិច បុកលាយចូលគ្នា។ សាច់មាន់កាប់ជាដុំៗ ។ ខ្ទឹមស បកសំបកចិញ្ច្រាំឱ្យម៉ដ្ឋ។
២-យកឆ្នាំងដាំ ចាក់ខ្លាញ់ ដាក់សាច់មាន់កូរជាមួយនិងគ្រឿងឱ្យសព្វឡើងឈ្ងុយ ចាក់ទឹកចូលទុក ឱ្យពុះ ជ្រំប្រហុកនិងអំពិល ថែមទឹកត្រី អំបិល ភ្លក់មើលឱ្យដឹងជូរ ប្រៃ ល្មមស្មើគ្នា រួចហែកស្លឹកក្រូច សើចដាក់ចូលបន្តិចទៀត បើចង់ឱ្យសម្លរនេះមានរសជាតិឆ្ងាញ់ពិសារ ត្រូវថែមម្សៅស៊ុបបន្តិច រួចទុក ឱ្យផុយសាច់ ហើយសឹមលើកដាក់ចុះមក។
៣-យកខ្ទះដាក់ខ្លាញ់ទុកឱ្យក្តៅ យកខ្ទឹមស ដែលចិញ្ច្រាំមកបំពងឱ្យឡើងពណ៌កន្លាត រួចដួសខ្ទឹមនោះ ចាក់មកក្នុងសម្លរជាការស្រេច ។

§ សម្លរម្ជូរត្រពាំងសាច់ប្រៃ

គ្រឿងផ្សំ
សាច់ប្រៃ ទំពាំងត្រាំ ខ្ទិះដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្ករស កាពិ ទឹកអំពិលជ្រំ ម្ទេសចង្អុរមេឃ ស្លឹកក្រូចសើច ទឹកត្រី ។

វិធីធ្វើ
១-ដំស្លឹកគ្រៃ ខ្ទឹមក្រហម កាពិ ចូលគ្នាឱ្យម៉ដ្ឋល្អ។ ដាំខ្ទិះដោយដាក់ភ្លើងហ៉ឹមៗ ពេលពុះដាក់គ្រឿង ដែលជ្រំចូលគ្នា ហើយក៏ដាក់សាច់ប្រៃនិងទំពាំងត្រាំ រំងាស់រហូតទាល់តែសាថ ហើយនិងទំពាំងផុយល្អ ដាក់ម្ទេសមេឃ(ហាន់) ។
២-ភ្លក់មើលតាមចូលចិត្ត ដោយដាក់ទឹកអំពិលជ្រំ ស្ករស ទឹកត្រី និងរោយដោយស្លឹកក្រូចសើច។

§ ក្តាមស្រែភ្លេចខ្លួន

គ្រឿងផ្សំ
ក្តាមស្រែ (យកកូនក្តាមតូច) ម្សៅឆា ពងទា សាឡាដ ត្រសក់ ទឹកត្រី ទឹកខ្មេះ ស្ករ ខ្ទឹមក្រហម។

វិធីធ្វើ
កូនក្តាមបកស្នូក និងពោះ លាងទឹកឱ្យស្អាត ទើបជ្រលក់មកចានម្សៅ ដែលលាយជាមួយនិងពងទា រួចសឹមយកទៅបំពងនិងខ្លាញ់ដែលកំពុងតែក្តៅឱ្យក្រហម ស្រង់ដាក់ចាន ខ្ទឹមស បុកលាយជាមួយ និងស្ករសឱ្យល្អិត ចាក់ទឹកត្រី ទឹកខ្មេះចូល ភ្លក្សមើលឱ្យល្មមសឹមហាន់ខ្ទឹមក្រហមជាបន្ទះស្តើងដាក់ លាយជាមួយ ដួសដាក់កូនចានមួយទុក។
ធ្វើទឹកជ្រលក់ សាឡាដ ត្រូវបេះលាងទឹក រួចយកមករៀបដាក់ចានសំប៉ែត យកក្តាមមកដាក់ពីលើ សាឡាដដាក់កណ្តាលចាន។ ត្រសក់ត្រូវចិតជាបន្ទះស្តើងៗរៀបដាក់ជុំវិញចានជាការស្រេច ។

§ សម្លរម្ជូរគ្រឿងសមុទ្រគ្រប់មុខ

គ្រឿងផ្សំ
ត្រីឆ្ពង់ មឹក បង្គារស្រស់ គ្រំ លៀសសមុទ្រ ក្តាមសេះ ដូង ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច(ហែក) ទឹកត្រី ក្រូចឆ្មា ម្ទេសខ្មាំង ជីក្តិចជាកញ្ចុំ ប៉េងប៉ោះ (ពណ៌សេដា ដាក់ទាំងមូល) ។

វិធីធ្វើ
១-ត្រីឆ្ពង់លាងទឹកឱ្យស្អាត ធ្វើស្រការខ្វេះពោះវៀន ព្រលះសាច់ ហើយហាន់ជាដុំៗ បង្កងស្រស់បក សំបក ពុះខ្នងខ្វេះយកសរសៃខ្មៅចេញ ត្រីយ៉ីវហ៉ឺអង្កន់ជាបួនជ្រុង ហើយហាន់ជាដុំៗ ក្តាមសេះហាន់ ជាកង់ៗ ដង្កៀបក្តាមដំឱ្យបែកស្រួលទទួលទាន គ្រំ លៀសសមុទ្របកសំបកចេញម្ខាងឱ្យសល់កន្លែង ជាប់សាច់។
២-ច្របាច់ដូងយកខ្ទិះ២កូនចាន ។ ដាក់ខ្ទិះនៅក្នុងឆ្នាំង ដាក់លើភ្លើងឱ្យពុះ ដាក់ម្តេងស្លឹកគ្រៃ ស្លឹក ក្រូចសើចហែកពេលពុះម្តងទៀត ដាក់ត្រីក្តាម បង្កង ត្រីមឹង លៀស ទឹកត្រី ប៉េងប៉ោះ ឆ្អិនល្មមលើក ចុះ។
៣-ដាក់ទឹកក្រូចឆ្មា ភ្លក់មើលតាមចូលចិត្ត ហើយរោយជីដែលក្តិចជាកញ្ចុះ ។

§ អគ្គីគោដុត

គ្រឿងផ្សំ
សាចគោ (សាច់ល្អ) ខ្លាញ់រាវ ទឹកខ្មេះ ម្រេច អំបិល ត្រសក់ គល់ខ្ទឹម ខ្ទឹមស ធ្យូង។

វិធីធ្វើ
សាច់គោត្រូវកាត់ជាដុំយ៉ាងក្រាស់ រាងបួនជ្រុងស្មើរ ប្រវែង១២សង្ទីម៉ែត្រ។ យកធ្យូងមកដុតឱ្យឆេះ ដាក់ចង្អើរអាំងសាច់គោ ប្រែឱ្យក្រៀម រួចយកស្លាបព្រាដួសខ្លាញ់រាវចាក់ពីលើសាច់ ឱ្យឆេះខ្លាញ់ រោលសាច់គោ ហើយត្រលប់ម្ខាងទៀត ចេះតែដួសចាក់ពីលើសាច់ឱ្យឆេះម្តងបន្តិចៗឱ្យសព្វ ទាល់តែ សាច់នោះឆ្អិនល្មម សឹមលើកចានសំប៉ែត្រមួយទុក។ ត្រសក់ត្រូវចិតជាចំណិត គល់ខ្ទឹមត្រូវយកមក សាប់ដាក់ត្រាំទឹកឱ្យរីក រួចបកសំបកឱ្យល្អិតសព្វ ភ្លក្សមើលឱ្យដឹងជូរ ប្រៃ ល្មម បើសិនសាប ដាក់ អំបិលថែម កុំដាក់ទឹកត្រីឱ្យសោះ ហើយបើចង់ដាក់ស្ករស បន្តិចផងក៏បានតាមចូលចិត្ត ។ ដល់ពេល បរិភោគត្រូវយកកូនកាំបិតយ៉ាងមុត និងសម កាត់សាច់គោជ្រលក់មកក្នុងចានទឹកជ្រលក់ ផ្ទាប់ ជាមួយនិងត្រសក់ គល់ខ្ទឹម តាមត្រូវការ ។ ឯអគ្គីគោដុតនេះ គេច្រើនធ្វើជាម្ហូបក្លែម ។

§ ឡត

គ្រឿងផ្សំ
សំបកចៃយ៉ សាច់ជ្រូក (សាច់លាយខ្លាញ់បន្តិច) សណ្តែកដី ទឹកត្រី ស្ករស ខ្ទឹមស ខ្លាញ់រាវ អំបិលម៉ដ្ឋ ពងទា ។

វិធីធ្វើ
យកសំបកចៃយ៉កាត់គែមៗចោល រួចសឹមកាត់ជាបួនឱ្យស្មើគ្នា យកទៅជ្រលក់ទឹកលាយឱ្យទន់។ សាច់ជ្រូកត្រូវចិញ្ច្រាំជាមួយនិងខ្ទឹមសឱ្យម៉ដ្ឋ សណ្តែកដីត្រូវលីងញីសំបកចេញ រួចយកមកហាន់ឱ្យល្អិត ទើបយកទៅដាក់លាយជាមួយនិងសាច់ជ្រូក ហើយច្រូចទឹកត្រី ស្ករ អំបិល ម្សៅស៊ុប គោះពងទាដាក់ ច្របល់ឱ្យសព្វ រួចយកចៃយ៉ដែលហាលមកដាក់សាច់មូលឱ្យណែន យកទៅដាក់ចៀនក្នុងខ្ទះដែល មានខ្លាញ់កំពុងតែក្តៅ ទុកឱ្យក្រហមជាការស្រេច ។ ឯឡតនេះគេបរិភោគជាមួយនិងជ្រក់ចំរុះ ។

§ មាន់ខ្ចប់

គ្រឿងផ្សំ
មាន់ ខ្ញី សៀងផ្អែម ខ្ទឹមបារាំង ខ្ទឹមជ្រក់ ខ្ទឹមស ទឹកត្រី ទឹកស៊ីអ៊ីវខាប់ ខ្លាញ់រាវ ក្រដាសពណ៌កាគី ដែលគេប្រើសំរាប់ធ្វើក្របសៀវភៅ ។

វិធីធ្វើ
មាន់ត្រូវកាប់ជាដុំឱ្យតូចៗល្មម ខ្ញីត្រូវកោសសំបកហាន់ជាសរសៃឆ្មារៗ ខ្ទឹមជ្រក់ហាន់ជាបន្ទះស្តើងៗ ខ្ទឹមសបកសំបកចិញ្ច្រាំឱ្យល្អិត ខ្ទឹមបារាំងត្រូវបកសំបកពុះជាបួនហាន់ទទឹងជាបន្ទះស្តើងៗ ឯក្រដាស ត្រូវកាត់បត់ធ្វើជាថង់ទទឹង ៧សង់ទីម៉ែត្រ បណ្តោយ១២សង់ទីម៉ែត្រ តែត្រូវទុកមាន់ម្ខាងសំរាប់ច្រក សាច់។ យកខ្ទះដាំដាក់ខ្លាញ់ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់សាច់មាន់ឆាឱ្យក្រៀមល្អ ទើបដាក់ខ្ញី ខ្ទឹមបារាំង ខ្ទឹមជ្រក់ទុកឱ្យស្រពាប់សឹមដាក់សៀង ទឹកត្រី ទឹកស៊ីអ៊ីវខាប់ ចាក់ទឹកបន្តិច ទុកឱ្យពុះ រម្ងាស់ទាល់តែសាច់មានឡើងក្រហម ហើយទឹកឡើងខាប់ ភ្លក្សមើលឱ្យល្មម ទើបដួសសាច់មាន់នោះ ដាក់មកក្នុងថង់ក្រដាស រួចមូរខ្ទាស់មាត់ថង់ឱ្យជិត។ លាងខ្ទះឱ្យស្អាត ចាក់ខ្លាញ់ឱ្យច្រើនបន្តិច ដាំឱ្យ ក្តៅ ទើបយកសាច់មាន់ដែលច្រកនោះមកចៀនមួយសន្ទុះទៀត សឹមស្រង់ដាក់ចានសំប៉ែតមួយ ជាការស្រេច ។

§ មាន់ប្រែក្រឡា

គ្រឿងផ្សំ
មាន់ ផ្សិតក្រៀម ឬ ផ្សិតចំបើង អំបិល ម្រេច ពងទា ម្សៅមី ទឹកត្រី ខ្ទឹមស ស្ករ ក្រូចឆ្មារ ទឹកខ្មេះ ខ្លាញ់រាវ។

វិធីធ្វើ
មាន់ត្រូវពន្លេះយកតែសាច់ ចិញ្ច្រាំឱ្យល្អិតជាមួយនិងផ្សិត បើផ្សិតក្រៀមត្រូវដាក់ត្រាំទឹកឱ្យរីក សឹម យកទៅចិញ្ច្រាំ រួចយកទៅដាក់ប្រឡាក់ជាមួយនិងអំបិល ម្រេច រោយម្សៅមីបន្តិច ច្របល់ចូលគ្នា យកមកកាប់ជាកំណាត់ខ្លីៗ រួចយកសាច់ដែលប្រឡាក់នោះមកដាក់រុំជុំវិញឆ្អឹងឱ្យជិត ពងទាត្រូវគោះ ដាក់ចាន វាយឱ្យបែក។ យកខ្ទះចាក់ខ្លាញ់ឱ្យច្រើន ទុកឱ្យក្តៅរួចយកសាច់ដែលរុំនឹងឆ្អឹងនោះមក ជ្រលក់ក្នុងចានពងទា ដាក់ចៀនឱ្យឆ្អិនសឹមស្រង់ដាក់ចាន។ ខ្ទឹមស និងស្ករសត្រូវបុកឱ្យម៉ដ្ឋលាយ ជាមួយទឹកត្រី និងទឹកក្រូចឆ្មារ ឬទឹកខ្មេះ ភ្លក់មើលឱ្យល្មមទុកធ្វើជាទឹកជ្រលក់ ។

§ ត្រីងៀតហែលទឹក

គ្រឿងផ្សំ
ត្រីងៀតរ៉ស់ ត្រីឆ្អើរ រំដេង រមៀត សំបកក្រូចសើច ម្ទេសឆ្អើរ គល់ស្លឹកគ្រៃ ខ្ទឹមស អំបិល ត្រសក់ កាពិ ដូងទុំ ស្ករ ។

វិធីធ្វើ
ត្រីងៀតត្រូវកាត់ជាដុំធំៗ ដាក់ត្រាំទឹក ត្រីឆ្អើរត្រូវបេះយកតែសាច់ជាដុំធំ ត្រសក់ត្រូវចិតជាចង្វាមូល ដូងត្រូវកោសពូតយកក្បាលខ្ទិះទុកផ្សេង ចុងខ្ទិះទុកផ្សេង គល់ស្លឹកគ្រៃត្រូវហាន់បុកលាយជាមួយនិង រំដេង រមៀត សំបកក្រូចសើច ម្ទេស ត្រីឆ្អើរ អំបិល ខ្ទឹមស កាពិឱ្យម៉ដ្ឋ យកឆ្នាំដាក់ក្បាលខ្ទិះរម្ងាស់ ឱ្យចេញប្រេង ដាក់គ្រឿងដែលបុកចូលឱ្យឈ្ងុយ ដាក់ត្រីងៀត និងត្រីឆ្អើរចូល កូរឱ្យសព្វ សឹមដាក់ ត្រសក់ ចាក់ខ្ទិះចុងចូលឱ្យល្មម និងដាក់ឱ្យពុះ ភ្លក់មើលឱ្យល្មម បើសាបត្រូវថែមទឹកត្រីបន្តិច ហើយ បង់ស្ករជាការស្រេច ។

§ ការីខ្មែរ

គ្រឿងផ្សំ
សាច់មាន់ ឬ សាច់កោ ឬ សាច់ទា ស្លឹកគ្រៃ ម្ទេសក្រៀម រមៀត ខ្ជាយរំដេង ខ្ទឹមស ខ្ទឹមក្រហម អំបិល គ្រាប់ការីគ្រប់មុខ ដំឡូងបារាំង ឬ ដំឡូងជ្វា ដូងទុំ ទឹកត្រី ។

វិធីធ្វើ
សាច់សាងទឹកកាប់ជាដុំៗ ស្លឹកគ្រៃ រមៀត ខ្ជាយ ម្ទេសក្រហម រំដេង ខ្ទឹមស-ក្រហម ហាន់បុកលាយ ជាមួយគ្នានិងកាពិ គ្រាប់ការីត្រូវលីងឱ្យឈ្ងុយ យកមកបុកឱ្យម៉ដ្ឋ ដូងត្រូវកោសទុកចុងខ្ទិះផ្សេង ហើយក្បាលខ្ទិះយកមករម្ងាស់ក្នុងឆ្នាំងជាមួយសាច់និងគ្រឿងឱ្យឈ្ងុយ ចាក់ការីចូល ទុកឱ្យចេញ ប្រេងបន្តិចសឹមចាក់ចុងខ្ទិះចូល ចាក់ទឹកត្រី អំបិល ទុកឱ្យពុះផុយសាច់ល្អ ទើបយកដំឡូងមកចិត្ត សំបក គាស់ជាដុំៗ ដាក់បង់ទុកមួយសន្ទុះ ភ្លក្សមើលតាមត្រូវការ។

§ ស៊ុបឆ្អឹងគោ

គ្រឿងផ្សំ
ឆ្អឹងជើងគោ ស្ពៃ ល្ហុង ដំឡូង ខ្ទឹមបារាំង មីសួលីវ ឬនួយ 9នៀវិលលបេ ឬ នំប៉័ង ម្សៅស៊ុប។

វិធីធ្វើ
យកឆ្នាំដាក់ទឹកឱ្យពុះ រួចយកឆ្អឹងគោមកលាងទឹក ហើយកាប់ដាក់ស្ងោរក្នុងឆ្នាំទុកឱ្យពុះចំនួនកន្លះ ម៉ោង ។
យកល្ហុងមកចិតសំបកឱ្យស្អាតហើយពុះជាបួនឆ្កឹះយកគ្រាប់ឱ្យអស់។ ស្ពៃលាងទឹកបេះជាធាងៗ។
ខ្ទឹមបារាំងយកមកដុតភ្លើងឱ្យពុល ទើបយកបន្លែទាំង៣មុខនេះមកដាក់ស្ងោរ ដាក់ម្សៅស៊ុបបន្តិច ទុកឱ្យពុះចំនួន៤ម៉ោង ទើបស្រង់បន្លែទាំងនោះមកជ្រុំឱ្យម៉ដ្ឋ ហើយដាក់ចូលទៅវិញឱ្យខាប់ទឹក រួច បង់អំបិលភ្លក្សមើលឱ្យសាបល្មម។ កាលណាជិតដល់ពេលបរិភោគហើយ សូមយកនួយ 9នៀវិលលបេ ឬ មីសួលីវ មកដាក់ស្ងោរជាមួយ។ សាសន៍បារាំងគេច្រើនយកនំប៉័ងមកកាត់ជាដុំៗប៉ុនមេដៃ មកបំពង ខ្លាញ់ឱ្យក្រហមស្រួយល្អ ទើបយកទឹកស៊ុបមកបន្តក់ពីលើ។ ឯស៊ុបនេះ បើគេចង់ដាក់ល្ពៅជំនួសល្ហុង ក៏បានដែរ ។

§ បាយលីងនិងសាច់ក្តាមសមុទ្រ

គ្រឿងផ្សំ
ខ្ទឹម ខ្លាញ់ជ្រូក សាច់ជ្រូក សាច់ក្តាម ស្លឹកវ៉ាន់ស៊ុយ ម្រេច ទឹកត្រី ទឹកខ្មេះ សាច់ក្រក បាយ ប៉េងប៉ោះកំប៉ុង។

វិធីធ្វើ
យកសាច់ជ្រូក និងខ្លាញ់ជ្រូកហាន់ជាចំណិតតូចៗ ក្តាមស្ងោរឱ្យឆ្អិនបេះយកតែសាច់ ខ្ទឹមសបកសំបក ឱ្យអស់ចិញ្ច្រាំឱ្យល្អិត យកខ្ទះដាក់ដាំ រួចយកខ្លាញ់ដែលហាន់នោះជំហៀវទាល់តែចេញខ្លាញ់ ទើប យកខ្ទឹមដែលចិញ្ច្រាំទុកនោះដាក់ចៀនទាល់តែឈ្ងុយ។ ឯសាច់ក្រកហាន់ជាចំណិតតូចៗ ហើយយក សាច់ជូក សាច់ក្តាម សាច់ក្រក ដាក់ឆាជាមួយគ្នាឱ្យសព្វ ចាក់ទឹកត្រីបន្តិច និងច្រូចទឹកខ្មេះបន្តិចបន្តួច មើលបើគ្រឿងទាំងនោះឆ្អិនល្អហើយ យកបាយចាក់ទៅក្នុងសាច់នោះ កូរឱ្យសព្វដើម្បីឱ្យសាច់ និង បាយនោះចូលគ្នា ភ្លក្សមើលសាបប្រៃល្មមហើយ ដួសដាក់ចាន រោយស្លឹកវ៉ាន់ស៊ុយ និងរោយម្រេច ជាក្រោយ ។

§ ខម៉ាំ

គ្រឿងផ្សំ
ម៉ាំយួន ត្រីរ់ស់ សាច់ជ្រូក (សាច់បីជាន់) ត្រកួន ជីគ្រប់មុខ ខ្ទឹមស ស្រទបចេកខ្ចី។

វិធីធ្វើ
១-ត្រីរ៉ស់ត្រូវពន្លះយកឆ្អឹងចេញ ហើយហាន់ជាបន្ទះស្តើងៗ សាច់ជ្រូកត្រូវយកមកចិញ្ច្រាំ។ យកឆ្នាំង ដាក់ទឹកឱ្យល្មម រួចយកត្រី សាច់ជ្រូក ម៉ាំយួន និងខ្ទឹមស ចិញ្ច្រាំដាក់លាយជាមួយគ្នា ដាំឱ្យពុះ រម្ងាស់ឱ្យយូរបន្តិចសឹមដាក់ចុះមក (តែប្រយ័ត្នកុំឱ្យរាវ)។
២-ស្រទបចេកយកតែខ្ចី ហើយយកសំបកក្រៅឱ្យអស់ រួចមូរហាន់ជាសរសៃឆ្មារៗ។ ត្រកួនត្រូវ ហាន់ជាកង់ស្តើងៗ។ ជី និងសណ្តែកបណ្តុះត្រូវយកមកលាយច្របល់គ្នាជាមួយនិងស្រទបចេក ត្រកួន ដាក់ចានមួយផ្សេង។
៣-ដល់ពេលបរិភោគត្រូវចាប់បន្លែ ដែលលាយគ្នានោះដាក់មកក្នុងចានបាយ រួចសឹមដួសទឹកខម៉ាំ ស្រោចពីលើទទួលទានមានរសជាតិឆ្ងាញ់។

§ អាម៉ុក

គ្រឿងផ្សំ
ត្រីរ៉ស់ ស្លឹកគ្រៃ ខ្ជាយ រមៀត ខ្ទឹមស ម្ទេសក្រៀម អំបិល ទឹកត្រី ស្លឹកក្រូចសើច រឺ សំបកក្រូចសើច ស្លឹកញ ដូងទុំ ប្រហុកសាច់។

វិធីធ្វើ
យកត្រីមកពន្លះសាច់យកឆ្អឹងចេញ ហើយហាន់ជាបន្ទះស្តើងៗ។ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ទឹមស ម្ទេសក្រៀម អំបិល ត្រូវបុកលាយជាមួយគ្នាឱ្យម៉ដ្ឋ រួចបារដាក់មកក្នុងចានសាច់ត្រី ។ ដូងត្រូវ កោសពូតយកតែក្បាលខ្ទិះ ចាក់មកក្នុងចានត្រីដែរ។ យកប្រហុកបន្តិច ចិញ្ច្រាំឱ្យល្អិតបន្តិច ដាក់លាយជាមួយគ្នា ច្រូចទឹកត្រី ទើបយកដងវែកមកកូរឱ្យសព្វទាល់តែបែកសាច់ត្រី ហើយទឹកខ្ទិះ នោះឡើងខាប់រលាយចូលគ្នាសឹមឈប់កូរ។ ស្លឹកញត្រូវកាត់ជាកំណាត់ខ្លីៗដាក់ពីលើស្លឹកចេក ទើប ដួសសាច់ត្រីដែលកូរនិងទឹកខ្ទិះនោះ ចាក់ពីលើហើយខ្ចប់ឱ្យជិត យកធាងដូងធ្វើជាកន្លះខ្ទាស់ឱ្យជាប់ រួចយកទៅចំហុយក្នុងឡាំងស៊ីង ទុកឱ្យឆ្អិនជាការស្រេច ។

§ សាច់គោអាំងជ្រក់

គ្រឿងផ្សំ
សាច់គោល្អ ម្ទេសក្រហម គល់ស្លឹកគ្រៃ រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី សណ្តែកដី ដូងទុំ អំបិលទឹកត្រី ស្ករស ម្សៅស៊ុប ឬស្សីធាងដូង។

វិធីធ្វើ
១- សាច់គោល្អហាន់ជាបន្ទះស្តើងៗ ប្រវែងមួយួចង្អុរដៃ ។
២- គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី អំបិល បុកចូលគ្នាឱ្យម៉ដ្ឋ។
៣- ដូងទុំកោសពូតយកខ្ទិះដើម។
៤- សណ្តែកដីលីងបុក (កុំឱ្យ់ល្អិតពេក)។
៥- យកគ្រឿងសណ្តែកដីបុក ខ្ទិះដូងយកមកប្រឡាក់នឹងសាច់គោ ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ភ្លក់មីលឱ្យល្មម ទើបយកទៅមូរដោតនឹងចង្កាក់ឬស្សី អាំងឱ្យឆ្អិន ទុកមួយអន្លើ។

វិធីធ្វើជ្រក់
យកល្លុង ឬ ផ្លែស៊ូ ត្រសក់ មើមការ៉ុត ប៉ិគក់ មកចិតបួនជ្រុងប៉ិនមេដៃ ឬឆ្លាក់ជាក្បាច់ តាមការចេះ ហើយត្រាំទឹកខ្មេះ ស្ករ អំបិល រវាងប្រាំម៉ោង។
នៅពេលទទួលទាន ត្រូវយកធាងដូងមកលួសសន្លឹកចេញ ទុកស្លឹកខាងចុងបន្តិច កាត់ជារៀងព្រួញ ទេបឹហូតសាច់គោពីចង្កាក់ឬស្សី មកដោតឆ្លាស់គ្នានឹងជ្រលក់ រៀបដាក់ចានតាមសមគួរ។

§ ច្រនួចទ្រង់គ្រឿង

គ្រឿងផ្សំ
សាច់គោ (សាច់ល្អ) ខ្លាញ់ជ្រូកសុទ្ធ ជ្រក់ចំរុះ ម្ទេសក្រហម គល់ស្លឹកគ្រៃ រំដេង រមៀត សំបកក្រូចសើច គល់ជីវ៉ានស៊ុយ ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី អំបិលទឹកត្រី ស្ករស ម្សៅស៊ុប ឬស្សីធាងដូង។

វិធីធ្វើ
១- យកល្លុងប៉ិគក់មើមឆៃថាវ ស្ពៃក្តោប មើមការ៉ុត សណ្តែកគួរ ត្រសក់ ខ្ទឹមក្រហម ខ្ទឹមស (មកឆ្លាក់ជាផ្កា) លាយចំរុះគ្នា សណ្តែកគួរកាត់ប្រវែងពីថ្នាំងដៃ ខ្ទឹមក្រហមពុះជាពីរ ខ្ទឹមស ហាន់ជា បន្ទះស្តើងៗ ។
២- ដាំទឹកស្កររាវៗ ដាក់អំបិលចាក់ទឹកខ្មេះ ទឹកត្រីបន្តិច ម្សៅស៊ុប ភ្លក្សមើលឱ្យល្មម រួចដាក់បន្លែ ទាំងអស់នោះត្រាំទុកមួយយប់ ។
៣- សាច់គោ (ផុយ) ហាន់ជាបន្ទះតូចស្តើងៗល្មម ខ្លាញ់ជ្រូក (សុទ្ធ) ហាន់ជាបន្ទះស្តើងៗដែរ។
៤- គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម អំបិល សំបកក្រូចសើច គល់ជីវ៉ានស៊ុយ បុកចូលគ្នាឱ្យម៉ដ្ឋ ហើយដាក់សណ្តែកដីលីងបុកចូលគ្នាផង។
៥- យកសាច់គោគ្រឿង មកច្របល់ចូលគ្នា ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ហើយយកចង្វារ ឬស្សី មកដាក់ឆ្លាស់គ្នានឹងខ្លាញ់ជ្រូក អាំងឱ្យឆ្អិន ទទួលទានជាមួយួជ្រក់ចំរុះធ្វើគ្រឿងក្លែម។

§ ញាំមីសួរ

គ្រឿងផ្សំ
មីសួ សាច់ជ្រូក បង្គារស្រស់ មឹកស្រស់ ការ៉ុត ម្ទេសប៉្លោកហាវ៉ៃ ប៉េងប៉ោះទុំ ត្រសក់ ជីគ្រប់មុខ សណ្តែកដីលីង ក្រូចឆ្មា ម្ទេសខ្មាំង ស្ករ ទឹកត្រី ម្សៅស៊ុប។

វិធីធ្វើ
១-សាច់ជ្រូកស្ងោរឆ្អិន ហាន់ចំណិតតូចៗ។ បង្គា មឹក ស្រុះឱ្យឆ្អិន។ ម្ទេសហាវ៉ៃ ពុះជាពីរ ឆ្កឹះគ្រាប់ចេញ ហាន់ជាសរសៃឆ្មាៗ។ ការ៉ុតក៏ហាន់ជាសរសៃឆ្មារៗដែរ។ ប៉េងប៉ោះទុំហាន់ជាចំណិត ប៉ុនម្រាមដៃ។ ត្រសក់ចិតសំបកចេញឱ្យអស់ យកបណ្តូលចោល ហាន់សរសៃៗ ជីលាងទឹកឱ្យស្អាត។ ទឹកត្រី លាយស្ករស ក្រូចឆ្មាឱ្យជូរ និងប្រៃ កុំឱ្យផ្អែមពេក។
២-យកឆ្នាំងដាំទឹកឱ្យពុះ ដាក់មីសួចូលកូរមួយភ្លែត ហើយមីសួចាក់ចេញភ្លាម រួចលាងទឹកត្រជាក់ ដាក់កញ្ច្រែងឱ្យស្រស់ទឹក។
៣-ពេលបរិភោគ យកបន្លែគ្រប់មុខ មីសួ សាច់ជ្រូក បង្គាច្របល់ចូលគ្នា លាយសណ្តែកដីលីងពីលើ ទើបចាក់ទឹកត្រីដែលលាយទុកចូលជាការស្រេច ។

§ ញាំស្តៅ

គ្រឿងផ្សំ
ស្តៅ ត្រីរ៉ស់ សាច់ជ្រូក ត្រសក់ សណ្តែកដីលីង អំពិលទុំ ទឹកត្រី ស្ករស ម្ទេស។

វិធីធ្វើ
១-ស្តៅស្រុះឱ្យឆ្អិនបេះតូចៗ។ ត្រីរ៉ស់អាំង បេះដុំប៉ុនមេដៃ។ សាច់ជ្រូកស្ងោរហាន់សរសៃល្អិតៗ ចិត និងកាំបិតមុខពីរជាសរសៃវែងៗ ស្នូលត្រសក់បោះចោល។
២-អំពិលទុំ ដាក់ទឹកត្រី ស្ករស ម្ទេស ខ្ទឹមស បកហាន់ស្តើងៗ។ ពេលបរិភោគ យកចានទាបធំ ចាប់ស្តៅលាយជាមួយត្រសក់ ត្រីរ៉ស់ សាច់ជ្រូក ស្រូបទឹកត្រី អំពិលទុំ ភ្លក់មើលតាមចូលចិត្ត ទើប លាយសណ្តែកដីលីងពីលើ ជាការស្រេច។

§ ទឹកគ្រឿងកាពិ

គ្រឿងផ្សំ
កាពិល្អ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ត្រប់រោម ទឹកត្រី ទឹកខ្មេះ ក្រូចឆ្មារ ស្ករ ម្សៅស៊ុប ខ្លាញ់រាវ
ដូងទុំ ត្រួយល្ពៅ ស្អំ ត្រកួន ត្រយូងចេក ត្រប់ស្រួយ សណ្តែកគួរ ត្រប់វែង ផ្កាស្នោ ផ្កាចំប៉ី។

វិធីធ្វើទឹកគ្រឿងកាពិមាន២បែប
១-យកត្រប់រោមទុំ កោសរោមចេញ ហាន់ស្តើងៗបុកលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម កាពិ ម្ទេសខ្មាំង (សុទ្ធតែប្រើឆៅទាំងអស់) ចូលគ្នាឱ្យម៉ដ្ឋ ហើយច្របាច់ក្រូចឆ្មាចាក់ទឹកខ្មេះ ទឹកត្រី ស្ករស
ម្សៅស៊ុប កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
វិធីធ្វើមួយបែបទៀត
២-ត្រីឆ្អើបេះយកសាច់លីងជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំងឱ្យឈ្ងុយ ហើយបុកឱ្យល្អិត (លីង ដាក់ខ្លាញ់បន្តិច) កាពិចៀនឱ្យឆ្អិនដាក់បុកជាមួយត្រីឆ្អេិ ទើបបារដាក់កូនចាន ច្របាច់ក្រូចឆ្មា ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ដាក់ទឹកក្តៅបន្តិច កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មម។
វិធីចំអិនអន្លក់ក៏មានពីរបែបដែរ
១-ត្រួយល្ពៅសកឱ្យស្អាត ស្អំបេះយកស្លឹកខ្ចីៗ ត្រយូងចេកសកស្រទាប់ខ្ចី កាត់ជាកំណាត់ៗ ត្រាំទឹក ម្ជូរឱ្យស សណ្តែកគួរ ត្រកួនកាត់វែងៗ ត្រប់ស្រួយកាត់ក្បាលលាងទឹក ។
២-កោសដូងពូតយកខ្ទិះធម្មតា ដាក់ស្ងោរអន្លក់ទាំងអស់នេះឱ្យឆ្អិន ទើបរៀបដាក់ចានសំប៉ែត ចំណែកស្អំត្រូវយកខ្ទិះរម្ងាស់ឱ្យខាប់ ដាក់ស្អំត្រលប់ចុះឡើង (ឱ្យកាន់តែស្រពោន) ។
វិធីចំអិនមួយបែបទៀត
៣-ស៊ុតទាគោះដាក់ចានវាយឱ្យបែក។
៤-ផ្កាស្នោ ផ្កាចំប៉ី លាងទឹកឱ្យស្អាត ត្រប់វែងចិតសំបកកាត់កង់ៗចិតជាបន្ទះៗដាក់ត្រាំទឹក ស្អំបេះ យកស្លឹកខ្លីៗ។
៥-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ យកផ្កាស្នោ ស្អំ ផ្កាចំប៉ី ត្រប់វែង ជ្រលក់និងស៊ុតទាដាក់ចានឱ្យឆ្អិន។
សេចក្តីបញ្ជាក់ ៖ កាលណាគេធ្វើទឹកគ្រឿងកាពិ ត្រូវចំអិនអន្លក់ឱ្យបានច្រើនមុខ (ទើបមានឱជារស ឆ្ងាញ់) តែបើមិនចូលចិត្តអន្លក់ឆ្អិនទេ អាចប្រើអន្លក់ឆៅជំនួសក៏បាន តាមការចូលចិត្តរៀងៗខ្លួន ។

§ ដំណាប់សំបកក្រូចថ្លុង

វិធីធ្វើ
យកសំបកក្រូចថ្លុងមកចិតសំបកក្រៅឱ្យអស់ ទុកតែសំបកសៗ ទើបកាត់ធ្វើជារាងមូលៗ ដាក់ត្រាំ ទឹកកំបោរចំនួន១០នាទី រួចស្រង់ពូតឱ្យអស់ទឹក ទើបយកទៅស្រុសទឹកក្តៅ។ យកខ្ទះស្ពាន់ដាក់ស្ករ ដាំឱ្យឡើងស្អិតបន្តិច សឹមយកសំបកក្រូចថ្លុងមកពូតឱ្យស្ងួត ដាក់រម្ងាស់ឱ្យខះទឹកល្អ ជាការស្រេច។

§ ដំណាប់ម្នាស់

វិធីធ្វើ
យកម្នាស់ទុំមកចិតសំបករួចសឹមចិតសាច់ ទើបច្របាច់យកទឹកចេញឱ្យអស់ យកខ្ទះស្ពាន់ដាក់ស្ករស និងម្នាស់ចូលគ្នាដាំលើភ្លើងរម្ងាស់ឱ្យខះទឹក ទុកឱ្យរលោងទើបដាក់ចុះ ដួសដាក់ក្នុងកែវ ទុកឱ្យបានយូរថ្ងៃ ។

§ នំបារាំង

វិធីធ្វើ
ម្សៅនំប៉័ងមួយនាឡិ ស្ករសមួយនាឡិកន្លះ ពងទា១២ ទឹកធម្មតា២សំបកពងទា។
យកពងទាមកវាយឱ្យរលាយ រួចដាក់ម្សៅបញ្ចូលគ្នាជាមួយនិងទឹកចំនួនពីរសំបកពងទារ កូរឱ្យសព្វ ទើបយកទៅដុតនិងគម្របពុម្ពដែក។ ឯរបៀបដុតត្រូវដាក់ភ្លើងពីលើផងនិងក្រោមផង។

§ ឆាបន្លែគ្រប់មុខ

គ្រឿងផ្សំ
សាច់ជ្រូក ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្ទេសហាវ៉ៃ ម្នាស់ ខ្ទឹមស អំបិល ស្ករ ប៊ីចេង។

វិធីធ្វើ
១-សាច់ជ្រូកហាន់ប៉ុនៗម្រាមដៃ។
២-ប៉េងប៉ោះ ត្រសក់ ខ្ទឹមបារាំង ម្ទេសហាវ៉ៃ ម្នាស់ កាត់ដុំតូចប៉ុនមេដៃ។
៣-យកខ្ទះដាក់ខ្លាញ់ រឺប្រេងឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឡើងឈ្ងុយ ទើបដាក់សាច់ជ្រូកចូល ដាក់អំបិល ស្ករបន្តិច ម្សៅស៊ុប ឆាឱ្យឆ្អិនសាច់ សឹមដាក់បន្លែទាំងប៉ុន្មានមុខខាងលើចូលតែម្តង ឆាពីរបីត្រឡប់ឱ្យឆ្អិនល្មម កុំឱ្យរលួយពេក ឱ្យនៅស្រួយបន្តិច ភ្លក្សមើលឱ្យល្មមជាការស្រេច ។

§ ឆាឆ្អឹងជំនីជ្រូកជូរអែម

គ្រឿងផ្សំ
ឆ្អិនជំនីជ្រូក ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅឆា ម្សៅបំពង ទឹកប៉េងប៉ោះ ស្ករ ខ្លាញ់រាវ ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់។

វិធីធ្វើ
១-យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយកមក ជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហម ទើបស្រង់ដាក់ ចាន។
២-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះប៉ុន ម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
៣-យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹងជូរផ្អែមប្រៃល្មមស្មើគ្នា។
៤-លាងខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូល ឆាទើបចាក់ទឹក ម្សៅឆាដែលលាយទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូលជាក្រោយ ឆាមួយភ្លែត ដួសដាក់ចាន ជាការស្រេច ។

§ សាច់ស្រួយ

គ្រឿងផ្សំ
សាច់ជ្រូក (សាច់សុទ្ធ) ខ្លាញ់រាវ ទឹកស៊ីអ៊ីវ ខ្ញី ក្រាម ស្ករ ម្សៅស៊ុប អំបិល ម្សៅមី។

វិធីធ្វើ
១-សាច់ជ្រូកសុទ្ធហាន់ជាបន្ទះធំៗប៉ុនបាតដៃឱ្យស្តើងៗ ដំឱ្យបែកសាច់ ប្រឡាក់ទឹកខ្ញី (បុកពូត អំបិល ស្ករ ទឹកស៊ីអ៊ីវ ម្សៅស៊ុប ក្រាម ផ្អាប់ទុករវាងពីរម៉ោង រួចយកទៅហាលថ្ងៃឱ្យស្រួយ (ហាល២ រឺ ៣ថ្ងៃ) ។
២-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់សាច់បំពងឡើងក្រហមស្រួយ ស្រង់ដាក់ចានទុកទទួលទានជាមួយ ទឹកម្ទេស រឺជ្រក់ចំរុះ ធ្វើជាគ្រឿងក្លែម។
បីញ្ជាក់ ៖ បើចង់ឱ្យមានពណ៌ក្រហមស្រស់ នៅពេលប្រឡាក់ត្រូវដាក់ល័ក្ខក្រហមបន្តិច។

§ កាពិឃិង

គ្រឿងផ្សំ
សាច់ជ្រូក (សាច់សុទ្ធ) ត្រីឆ្អើ ហៃប៊ី ខ្លាញ់រាវ គល់ស្លឹកគ្រៃ ម្ទេសក្រហម គល់វ៉ាន់ស៊ុយ សំបក ក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ កាពិ ទឹកត្រី ស្ករ ម្សៅស៊ុប សណ្តែកដី ត្រសក់ ត្រប់ស្រួយ។

វិធីធ្វើ
១- សាច់ជ្រូក (សាច់សុទ្ធ) ហាន់បន្ទះស្តើងៗ ត្រីឆ្អើ ហៃប៊ី បុកចូលគ្នាឱ្យល្អិត សណ្តែកដីលីងឱ្យឆ្អិន បកឱ្យស្អាតហាន់ស្តើងៗ។
២-គល់ស្លឹកគ្រៃ ម្ទេសក្រហម គល់វ៉ាន់ស៊ុយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ បុកចូលគ្នា ឱ្យម៉ដ្ឋ។
៣-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ ដាក់សាច់ជ្រូកឆាឱ្យរឹងសាច់ ទើបដាក់គ្រឿង កាពិ ត្រីឆ្អើ ហៃប៊ី សណ្តែកដី ទឹកត្រី ស្ករ ម្សៅស៊ុប អំពិលទុំ (ដាក់ទឹកច្របាច់យកសាច់) កូរចូលគ្នាឱ្យសព្វ ភ្លក្សមើល ឱ្យល្មម។
បញ្ជាក់ ៖ កាពិឃិងនេះ គេទុកទទួលទានបានយូរថ្ងៃ ទ្រនាប់ជាមួយនិងត្រសក់ ត្រប់ស្រួយ ស្ពៃក្តោប។

§ ម៉ាំខខ្ទិះ

គ្រឿងផ្សំ
ម៉ាំត្រីកំភ្លាញ សាច់ជ្រូកបីជាន់ សាច់ត្រីរ៉ស់ ដូងទុំ ម្ទេសផ្លោកស្រស់ ទឹកត្រី ស្ករ ម្សៅស៊ុប ក្រូចឆ្មារ ម្ទេសខ្មាំង ដើមចេក ព្រលិត ពពាយ សណ្តែកបណ្តុះ ត្រសក់ ស្លឹកជីគ្រប់មុខ ខ្ទឹមស ខ្ទឹមក្រហម។

វិធីធ្វើ
១-ត្រីរ៉ស់លើយយកតែសាច់ហាន់បន្ទះស្តើងៗ សាច់ជ្រូកចិញ្ច្រាំជាមួយខ្ទឹមសខ្ទឹមក្រហមឱ្យល្អិត ម្ទេសប្លោកស្រស់ពុះជា៤ ម្ទេសខ្មាំងហាន់ល្អិតៗ។
២-កោសដូងពុះទុកក្បាលខ្ទិះបន្តិច ហើយពូតយកខ្ទិះធម្មតាដាក់ស្ងោរជាមួយម៉ាំ(បន្តិច) ឱ្យរលួយ ទើបយកស្លាបព្រាឆ្កឹះយកស្បែកចេញ ហើយយកសាច់ត្រី សាច់ជ្រូកចិញ្ច្រាំឱ្យឆ្អិន រួចដាក់ម្ទេសផ្លោក ម្ទេសខ្មាំង ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងក្បាលខ្ទិះកូរចូលគ្នាឱ្យសព្វ ទុកឱ្យពុះដាក់ចុះ ច្របាច់ក្រូចឆ្មា ភ្លក្សមើលឱ្យល្មម ។
៣-ដើមចេកបកយកបណ្តូលខ្ចី ហាន់ស្តើងៗ ត្រាំទឹកម្ជូរឱ្យជ្រះជ័រ ពពាយ ព្រលិត បកសំបកហាន់ ទទឹងៗ ត្រសក់ចិតសំបកសាច់ជុំវិញហាន់ស្តើងៗ សណ្តែកបណ្តុះបេះកន្ទុយឱ្យស្អាត ស្លឹកជីគ្រប់មុខ បេះលាងទឹក បន្លែទាំងអស់នេះច្របល់ចូលគ្នាឱ្យសព្វទុកធ្វើអន្លក់ ។

§ ប្រហិតសាច់គោ

គ្រឿងផ្សំ
សាច់គោ (សាច់ល្អ) ខ្លាញ់រាវ គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច ឫសវ៉ាន់ ស៊ុយ ក្រូចឆ្មារ អំបិល ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ស្ករ ម្សៅស៊ុប សាឡាដ ។

វិធីធ្វើ
១-សាច់គោហាន់ចិញ្ច្រាំឱ្យល្អិត ។
២-គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ឫសវ៉ាន់ស៊ុយ អំបិល បុកចូលគ្នាឱ្យម៉ដ្ឋ ដាក់ម្សៅស៊ុបបន្តិច ទើបយកសាច់គោបុកចូលគ្នាឱ្យឡើងស្អិត ហើយសូនប៉ុនៗ មេដៃ ដាក់ចៀនក្នុងខ្ទះដែលមានខ្លាញ់ក្តៅឱ្យឡើងក្រហមពងក្រឡាត។
៣-សាឡាដបេះជាធាង លាងទឹកឱ្យស្អាតរៀបដាក់ចានសំប៉ែត ហើយយកសាច់គោចៀនដាក់ពីលើ។
៤-ចាក់ទឹកត្រីដាក់កូនចាន ច្របាច់ក្រូចឆ្មារ ដាក់ស្ករស ខ្ទឹមស (ចិញ្ច្រាំឱ្យល្អិត) ភ្លក្សមើលជូប្រៃល្មម ធ្វើជាទឹកជ្រលក់។

§ សម្លរម្ជូរណែម

គ្រឿងផ្សំ
ណែមខ្ចប់តូច ផ្សិតចំបើង ដូង ម្តេងខ្ចី ស្លឹកគ្រៃ ស្លឹកក្រូចសើច អំបិល ម្ទេសខ្មាំង ។

វិធីធ្វើ
១-ណែមបកយកថង់ប្លាស្ទីកចេញ ចំណែកផ្សិតលាងទឹកឱ្យស្អាតហែកដុំៗ ។
២-ដំស្លឹកគ្រៃហើយហាន់បញ្ឆិតៗ ស្លឹកក្រូចសើចហែកជាចំរៀកៗ។
៣-ដាក់ខ្ទិះដូងលើភ្លើងឱ្យពុះ ដាក់ម្តេង ស្លឹកគ្រៃ ស្លឹកក្រូចសើច ណែម ផ្សំរសជាតិដោយអំបិល ដាក់ផ្សិត ពុះមួយសន្ទុះសឹមលើកចុះ ដាក់ម្ទេសខ្មាំង ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ប្រសិនបើចូលចិត្ត ជូរ ថែមក្រូចឆ្មារ។
៤-រៀបចំលំអដោយជីក្តិចជាកញ្ចុំៗ ព្រមទាំងស្លឹកក្រូចសើច ហើយនិងម្ទេសស្រស់។

Advertisements